ព័ត៌មានជាតិ

ផ្លូវខេត្តពីរង្វង់មូលហនុមានដល់រង្វង់មូលស្រីគ្រប់លក្ខណ៍សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណវិលពីដីហុយមកជាផ្លូវកៅស៊ូវិញហើយ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ផ្លូវខេត្តឬអតីតខ្នែងផ្លូវជាតិលេខ៥ ពីចំណុចរង្វង់មូលហនុមានឬផ្លូវបែកជា៥ស្ថិតនៅក្នុងភូមិ១ដល់ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ឬផ្លូវបំបែកជា៦ នៅក្នុងភូមិ៣និងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្តូរពីផ្លូវដីហុយសំពោងមកជាផ្លូវក្រាលកៅស៊ូវិញហើយ។នេះបើតាមមន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណបានឲ្យដឹងកាលពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៤ ។

ប្រភពបានបន្តថា : ក្រុមការងារស្ថាបនាបានស្តារឡើងវិញផ្លូវនេះ ដោយបានស្ថាបនាគ្រឹះ បង្ហាប់កៀរកិន ធ្វើតេស្តនិងដង់ស៊ីតេដី រួចរៀបចំក្រាលប្រភេទកៅស៊ូ២ជាន់(DBST) ឡើងវិញនូវផ្លូវខេត្តប្រវែងត្រឹមតែ៩០០ម៉ែត្រ ទទឹង១០ម៉ែត្រមួយខ្សែដែលមានចរាចរណ៍ដ៏មមាញឹកសម្រាប់យានយន្តឆ្លងកាត់ពីផ្លូវជាតិលេខ៥នៅភាគខាងត្បូងក្រុង មកផ្លូវជាតិលេខ៦ កណ្តាលក្រុងប៉ែកខាងកើត។

.

សូមបញ្ជាក់ថា : ពីដើមមកទល់ទសវត្សរ៍ទី៩០  អ្នកស្រុកហៅផ្លូវ១ខ្សែនេះថា៖ ១-ហៅផ្លូវមាត់ស្ទឹង ដ្បិតកាលណោះទឹករាចពីមាត់ស្ទឹងសិរីសោភ័ណបានហៀរមកដល់ផ្លូវ ឬក្រោយមកទៀត ២-គេហៅផ្លូវនេះថាផ្លូវខាងកើតពេទ្យស្រុក ផ្លូវសាលាគំរូ ផ្លូវសាលាគរុកោសល្យ ឬ ក៏,៣-ផ្លូវខាងកើតបេឡាន(ធំ)ជាដើម ។

ប្រភពព័ត៌មានបានបន្តថា: ផ្លូវស្ថានីយប្រេងសូគីមិចឬរង្វង់មូលហនុមានភូមិ១ដល់រង្វង់មូលស្រីគ្រប់លក្ខណ៍ ភូមិ៣និងភូមិ៤សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ មួយខ្សែនេះជាផ្លូវក្រាលកៅស៊ូ២ជាន់(DBST) ហើយបន្ទាប់មកបានក្រាលកៅស៊ូប្រភេទបេតុងមីណឺពីលើដោយអន្លើផងទៀត។

ប៉ុន្តែចុងក្រោយ ផ្លូវនេះបានរងការខូចខាតដោយសាររយ:ពេលប្រើប្រាស់ផង ដោយទឹកជំនន់ផង ទើបបង្កឲ្យខូចខាតស្ទើរទាំងស្រុង។

លោកស្រេង សូផល អភិបាលក្រុងសិរីសោភ័ណ ឲ្យដឹងថា: ផ្លូវនេះត្រូវបានជួសជុលកែលម្អឡើងវិញដោយគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិក្រុងសិរីសោភ័ណ ប្រើប្រាស់ថវិការដ្ឋ ។

សូមបញ្ជាក់ថា : ជាបន្តបន្ទាប់ មន្ត្រីបច្ចេកទេសនិងក្រុមហ៊ុនទទួលដេញថ្លៃបានក្នុងការស្ថាបនាផ្លូវនេះ បានទទួលដំណើររបស់លោកអភិបាល អភិបាលរងខេត្ត និងប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត(ក្រុមការងាររដ្ឋនិងក្រុមការងារបក្ស) ចុះជួយក្រុងសិរីសោភ័ណ ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល កែលម្អផ្លូវនេះជាបន្តបន្ទាប់។

 

មកទល់ដើមខែកញ្ញា ឆ្នាំ២០២៤ ផ្លូវនេះត្រូវស្ថាបនារួចរាល់ ហើយដាក់អោយចរាចរណ៍បណ្តោះអាសន្ន ពោលគឺផ្លូវកៅស៊ូដែលខូចខាតក្លាយជាផ្លូវដីហុយសំពោង ជង្ហុករាប់សិបនោះ  ឥឡូវនេះបានក្លាយជាផ្លូវកៅស៊ូវិញហើយ។

គេសង្ឃឹមថាបន្ទាប់ពីខ្សាច់លើផ្លូវនេះរសាត់អស់ នឹងបាត់ហុយវិញហើយ៕