ដោយ : បន្ទាយ
ភ្នំពេញ : អតីតគ្រូបង្រៀនមុខវិជ្ជាសីលធម៌នយោបាយម្នាក់នៃវិទ្យាល័យបាក់ទូកនាទសវត្សរ៍ឆ្នាំ១៩៨០ នៃសាលាវិទ្យាល័យបាក់ទូកខណ្ឌ៧មករា រាជធានីភ្នំពេញ មានជំងឺ ហើយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទទួលបាននូវសមានចិត្តរំលឹកគុណ ការរែអង្គាសគ្នាដើម្បីឧបត្ថម្ភពីអតីតកូនសិស្ស និងអតីតគ្រូៗជាមិត្តរួមអាជីពរួមសាលាជាមួយគ្នា ។
នេះបើតាមអតីតសិស្សសាលាបាក់ទូកបានឲ្យដឹងកាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៤ ។
ដូចពាក្យពោលនិងពាក្យស្លោកខ្លះបានលើកឡើងថា : «គ្រូ១ថ្ងៃ ក៏ជាគ្រូ១ជីវិត»«គ្រូជាឪពុកម្តាយទី២”,” ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ ” …. ហេតុនេះ គេតែងតែបានឃើញ អតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិមទៅហើយដែរដែលនាំមុខដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តជាប់ជាប្រចាំ តាមរយៈការប្រកូកប្រកាស រួបរួមគ្នាហើយបំពេញនូវកត្តញ្ញូតាធម៌ គុណូបក្ការ: និងគុណធម៌ ចំពោះអតីតលោកគ្រូអ្នកគ្រូ។ ជាពិសេសលោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍ ហើយបាត់បង់សមត្ថភាព លទ្ធភាពដ្បិតឋិតក្នុងស្ថានភាពវ័យចាស់ជរា រោគាពាធ។
អតីតសិស្សបានយកមកអនុវត្តនូវពាក្យស្លោករួមគ្នាថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ៕