ព័ត៌មានជាតិ

សែនក្រុងពាលីបើកការដ្ឋានសាងសង់អគារមុខងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ដោយ : បន្ទាយ

កំពង់ធំ៖ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤ មានពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់អគារមុខងារ១ខ្នងដើម្បីបម្រើឱ្យការងារនៅក្នុងអង្គភាពដែលជំរុញឲ្យមានការរីកចម្រើនប្រសើរឡើងទៀត ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានដឹកនាំធ្វើពិធីនោះ។

លោកឱ្យដឹងថា ដោយសារឃើញអង្គភាពនៅកង្វះអគាររដ្ឋបាលក្នុងការធ្វើការងារឱ្យមានសុវត្ថិភាព និងរក្សាបាននូវសុខសន្តិភាព ទើបលោកដឹកនាំ លោក លោកស្រីស្នងការរង និងកងកម្លាំងសាងសង់អគារថ្មីបន្ថែមទៀតសម្រាប់បង្កលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ច ជាប្រចាំថ្ងៃជាពិសេសផ្ដល់ជាឧត្តមប្រយោជន៍សម្រាប់អង្គភាព និងសង្គមជាតិ។

អគារដែលកំពុងដំណើរការសាងសង់មានចំនួន១ខ្នង កម្ពស់០២ជាន់ ទំហំ៧.២០ ម៉ែត្រ×១២.២០ម៉ែត្រ ជញ្ជាំងអំពីឥដ្ឋ ដំបូលប្រក់ក្បឿងក្បាច់ បែងចែកជាបន្ទប់មានលក្ខណៈធំទូលំទូលាយ និងបំពាក់បរិក្ខារ គ្រឿងអេឡិចត្រូនិក ទំនើបទាន់សម័យផងដែរ ។

ខណៈនោះដែរ លោកស្នងការបានសែនព្រេនគ្រឿងសក្ការ:បូជាទៀនធូប ផ្កាភ្ញី ផ្លែឈើ និងគ្រឿងតង្វាយសុំបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី អារុក្ខអារក្ខទេវតា អ្នកតាចាស់ស្រុក វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេព្តាឆ្នាំថ្មី  គុណព្រះពុទ្ធ ព្រះសង្ឃ គុណបុព្វការីជនដែលជាមគ្គុទេសក៍ដឹកនាំ វីរជន វីរនារី យុទ្ធជន យុទ្ធនារី..ដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិនិងប្រជាជនសូមមកជួយប្រោសព្រំបង្កក់ប្រសិទ្ធីសិរីសួស្តី បីបាច់ថែរក្សា ជូនពរជ័យចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនៅខេត្តកំពង់ធំឲ្យសមតាមបំណងប្រាថ្នា ពោលគឺដើម្បីបានបន្តចូលរួមថែរក្សា ការពារ អភិវឌ្ឈន៍ប្រទេសជាតិនិងខេត្ត បន្តស្ថិតក្នុងសុខសន្តិភាព  ស្ថិរភាព និងឱ្យកាន់តែមានភាពរីកចម្រើន សម្បូរសប្បាយបន្ថែមទៀត៕