ដោយ : ប.ជ័យ
កំពង់ឆ្នាំង÷គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៤គ្រឿងនិងម៉ូតូ១គ្រឿងបុករះបន្តកន្ទុយគ្នាបង្កអោយមនុស្សប្រុសស្រី៣នាក់បានបាត់បង់ជីវិតនិងតៃកុងម្នាក់ទៀតរងរបួស ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៤: ៣០នាទីរសៀលថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៤ លើកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតនៅភូមិអូររំចេកឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
យោងប្រភពបានឃើញហេតុការណ៍បានឲ្យដឹងថា :នៅម៉ោង ៤.៣០នាទីរសៀល មានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣F ៤១ ៦៦ បានធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿន។មកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅប៉ះរថយន្តសាំយ៉ុង រួចបន្តទៅបុករថយន្តតូចម៉ាកតូយ៉ូតាកូរ៉ូឡា១គ្រឿងទៀតដែលកំពុងចតនៅចិញ្ចើមផ្លូវបង្កប៉ើងធ្លាក់ទឹក ។
ក្នុងនោះបណ្ដាលឲ្យបុរសម្នាក់ជិះលើរថយន្តរងរបួស ។
បន្តមក រថយន្តនេះមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅជិះគ្នា៣នាក់ ពេញទំហឹង ហេីយស្របពេលនោះក៏មានរថយន្តហ្វត ពណ៌ស ពាក់ស្លាកលេខកម្ពុជា TLY ៩១៦១ មួយគ្រឿងទៀតមកបុកពីក្រោយ រថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងតំណំ។
ក្នុងហេតុការណ៍នោះស្រ្តី២នាក់ដែលជិះម៉ូតូបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ រីឯក្មេងប្រុសម្នាក់ទៀតដែលរួមដំណេីរក៍បានបាត់បង់ជីវិត បើទោះបីជាបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពពីសមត្ថកិច្ចនិងអ្នកឃើញ ហើយសង្គ្រោះបានអោយដឹងថា: ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ
ទី១ -ឈ្មោះ អ៊ុយ យ៉ាងគួយ ភេទស្រី អាយុ១៩ឆ្នាំ
ទី២-ឈ្មោះ ឡាំ សុផាន ភេទស្រី អាយុ២៧ ឆ្នាំ
ទី៣- ឆឹង គឹមឃៀង អាយុ ៣ឆ្នាំជាកូនប្រុស របស់ឈ្មោះ ឡាំ សុផាន ជនរងគ្រោះទាំង៣នាក់រស់នៅភូមិ សន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរបានរត់គេចខ្លួនបាត់ ។ចំណែកវត្ថុតាងមធ្យោបាយ.ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកបរិបូណ៍នាំយកមករក្សាទុកនិងកសាងសំណុំរឿងបញ្ជូន៕