ដោយ៖ គង់ហេង
កំពង់ចាម៖ ខេត្តកំពង់ចាមបានសម្រេចជ្រើសរើសយកមន្ទីរពេទ្យបង្អែកចំនួនបួន សម្រាប់ការប្រឡងប្រណាំងសេវាសាធារណៈគំរូ ឆ្នាំ២០២៤។ ប៉ុន្តែជាសំខាន់លើមន្ទីរពេទ្យខេត្តកំពង់ចាម ដោយសារមន្ទីរពេទ្យមួយនេះធ្លាប់ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូកម្រិតទី ៣ លេខ ១ ទូទាំងប្រទេសកាលពីប្រាំឆ្នាំមុន។
នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងការពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំមន្ទីរពេទ្យ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ ២០២៤ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមកាលពីថ្ងៃទី ៦ កញ្ញា។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា៖ ក្នុងនោះមានមន្ទីរខេត្តកំពង់ចាមនេះ,មន្ទីរពេទ្យស្រុកចម្ការលើ,មន្ទីរពេទ្យស្រុកបាធាយ និងមន្ទីរពេទ្យស្រុកព្រៃឈរ។សម្រាប់ការប្រឡងប្រណាំងនេះរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីសម្រេចបានលទ្ធផលល្អ ប្រយោជន៍បង្កើននូវគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវា។
ឯកឧត្តមបានបន្ថែមថា៖ ដូច្នេះចាំបាច់ខិតខំប្រឹងប្រែងធ្វើយ៉ាងណាការពារតំណែងខ្សែក្រវាត់ជ័យលាភីលេខ ១ នេះឱ្យបានបន្តទៀត។ ជាពិសេសខិតខំរក្សាពិន្ទុ បន្តថែរក្សាកិត្តិយសរបស់អង្គភាព នៃវិស័យសុខាភិបាល របស់ខេត្តកំពង់ចាម។ សម្រាប់មន្ទីរពេទ្យខេត្តយើងមិនមែនជាការងារលំបាកទេ ដោយក្នុងនោះយើងមានលក្ខណៈវិនិច្ឆ័យគោលចំនួន ៨ ធំៗ ចែកចេញជាប្រមាណ៣០០ ចំណុចបន្ថែមទៀត។
ឯកឧត្តមបានបន្តថា៖ លក្ខណៈវិនិច្ឆ័យគោលធំៗទាំង៨មានៈ ទី១. ស្តង់ដារសេវាសាធារណៈ, ទី២.ស្តង់ដារនៃការផ្តល់សេវាសាធារណៈក្នុងវិស័យសុខាភិបាលសម្រាប់មន្ទីរពេទ្យបង្អែក (CPA3), ទី៣. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព, ទី៤.ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងអង្គភាព, ទី៥.ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព, ទី៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួម វាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ, ទី៧.ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍ និងទី៨.ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ដើម្បីធ្វើឲ្យអង្គភាពមានដំណើរការកាន់តែប្រសើរឡើង៕