ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ នៅខេត្តបន្ទាយមានជ័យ គិតត្រឹមចុងខែសីហា ចូលខែកញ្ញាឆ្នាំ២០២៤នេះ ការប្រមូលផលស្រូវវស្សាប្រភេទស្រាលមិនប្រកាន់រដូវមិនទាន់បាន១ម៉ឺនហិកតាទេហើយទិន្នផលបានប្រមាណ៤ទៅ៥តោន/ហត ។
លោករុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីថ្ងៃទី០៣ខែកញ្ញាថា: គិតត្រឹមសប្តាហ៍ទី៥ ខែសីហាឬដំណាច់ខែ និងដើមខែកញ្ញានេះ ការប៉ាន់ស្មានល្បឿននៃការប្រមូលផលរដូវវស្សាប្រភេទស្រូវវស្រាលមិនប្រកាន់រដូវ បានសរុបជាង៨.៥០០ហិកតា បរិមាណផល៤៥.៧៦៥តោន ដែលច្រើនជាងគេនៅស្រុកភ្នំស្រុក ព្រះនេត្រព្រះ ។ក្នុងនោះគឺពូជធម្មតា (OM 51-54)បានជាង៤.៤០០ហិកតានិងពូជស្រូវក្រអូបពិសេស ក្រអូបធម្មតានិងក្រអូបគុណភាពពិសេស(ពូជសែនក្រអូប ម្លិះ ស្រងែ) បានជាង១២០ហិកតា ឬសរុបស្មើម្តុំ៣%នៃផ្ទៃដីដាំដុះសរុប ។
លោករុន សុផាន់ណារ៉ា បានបន្តថា : ចំពោះការបង្កបង្កើនផល(ការភ្ជួររាស់ ដាំដុះដំណាំស្រូវឆ្នាំ២០២៤ នេះ មកទល់ពេលនេះដែរ បានចំនួន២៧០.១៦៧ហិកតា និងស្រូវពង្រោះបានចំនួន២៧០.១៦២ហិកតាស្មើ១០២,០១% នៃផែនការ។
រីឯការដាំដុះដំណាំរដូវវស្សាឆ្នាំ២០២៤ រួមមាន ដំណាំសាកវប្បកម្មចំនួន៧០៥ហិកតា ក្នុងនោះដំណាំបន្លែចំនួន៦៤៣ហិកតា ដំណាំហូបផ្លែចំនួន១៣៥ហិកតា ដំណាំរុក្ខជាតិលម្អ៤ហិកតា។
ដំណាំឧស្សាហកម្មចំនួន៧១.៦៣៦ហិកតាដែលក្នុងនោះចែកជាដំឡូងមី៥៦.៧២០ហិកតានិងពោតក្រហម១៤.១៤៧ហិកតា។
ដំណាំឧស្សាហកម្មទាំងពីរប្រភេទនេះក៏មានប្រមូលផលដែរហើយ ប៉ុន្តែទិន្នន័យនឹងស្រង់នៅពេលក្រោយ ៕