ពន្ធដារ

ពន្ធដារបង្ហាញពីចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានប្រមាណជិត៤៤ លានដុល្លារក្នុងរយៈពេល៧ខែឆ្នាំ២០២៤

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក ( Electronic  platform  Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

(រូបឯកសារ)

អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានចំនួន ១៧៦,៦៩ ប៊ីលានរៀល ពោលគឺស្មើនឹង ៤៣,៦៣ លានដុល្លារ។ នៅក្នុងនោះ ចំណូលដែលប្រមូលបានពីអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ( Simplified  VAT Registration ) មានចំនួន ៥៥,១០ ប៊ីលានរៀល ស្មើនឹង១៣,៦១ លានដុលា្លរ និងចំណូលប្រមូលបានពីនិវាសនជន តាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ១២១,៥៩ ប៊ីលានរៀល ស្មើនឹង ៣០,០២ លានដុល្លារ។ ដោយឡែកចំណូលដែលប្រមូលបានពីវិស័យនេះក្នុង ខែកក្កដា មានចំនួន ២៤,៤៥ ប៊ីលានរៀល ស្មើនឹង ៦,០៤ លានដុល្លារ។

(រូបឯកសារ)

គួររំលឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ( E-Commerce) ចាប់តាំងពីខែមេសា ឆ្នាំ ២០២២មកម្ល៉េះ ហើយគិតមកដល់ បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗបានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ នៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX ជាដើម ៕

(រូបឯកសារ)