ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA គឺជាកិច្ចសហប្រតិបត្តិការមួយរក្សាទឹកដីរៀងៗខ្លួន

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA គឺជាកិច្ចសហប្រតិបត្តិការមួយរក្សាបូរណភាពទឹកដី នៃប្រទេសរៀងៗ ខ្លួន។ ជាពិសេសរដ្ឋបាលខេត្ត សូមស្វាគមន៍ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណើរកម្សាន្ត ទៅកាន់ខេត្តភូមិភាគ​ឦសានដោយអាចមកចុះឈ្មោះនៅសាលាខេត្តកំពង់ចាម ចាប់ពីឥឡូវនេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម នៅវត្តដីដុះសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលមានប្រជាពលរដ្ឋចូលរួមជាង ១០០ នាក់នៅព្រឹកថ្ងៃទី ៤ កញ្ញានេះ។

ឯកឧត្តមបានថ្លែងថា៖ ជុំវិញករណីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA នេះមានការបំផុសព័ត៌មាន ឱ្យមានចរន្តប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានចោទថា បើអភិវឌ្ឍន៍នេះទៅ ធ្វើឱ្យមានការបាត់បង់ទឹកដី។ ដែលនេះជាព័ត៌មានបំភ្លៃ បំភ្លើសក្នុងចេតនាបំផ្លាញនាំឱ្យមានការបែកបាក់ជាតិ បែកបាក់សាមគ្គី ដែលធ្វើឱ្យ មានការបង្អាក់ដំណើរការអភិវឌ្ឍន៍ សង្គមជាតិ ជាពិសេសអ្វីដែលក្រុមអមិត្តចង់បាន គឺការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលមានការបោះឆ្នោត ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ដោយយកវិធីតាមប្រទេសបង់ក្លាដែស ដោយបានផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកដាក់ជាបន្ទុកឱ្យបងប្អូនប្រជាពលរដ្ឋ មានការខឹង ការស្អប់ មកលើរាជរដ្ឋាភិបាល ដែលនាំឱ្យមានការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋកុំជឿ ដែលតាមពិតនោះគឺជាពាក្យចចាមអារ៉ាមទេ។

ឯកឧត្តមបានបន្ថែមថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍គម្រោង CLV-DTA នេះ គឺជាកិច្ចសហប្រតិបត្តិការមួយ ដែលរក្សានូវបរណភាពទឹកដីរៀងៗខ្លួន ពោលគឺអត់មានប្រទេសណាមករំលោភបំពានលើប្រទេសណាបានទេ ហើយផលប្រយោជន៍ គឺជាផលប្រយោជន៍របស់ប្រជាពលរដ្ឋរៀងៗខ្លួន ៕