ដោយ :បន្ទាយ
កំពង់ធំ៖ អភិបាលខេត្តកំពង់ធំជំរុញនិងលើកទឹកចិត្តដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុកប្រាសាទបល្ល័ង្កអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ។
ពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។
លោកនួន ផារ័ត្ន អភិបាលអភិបាលខេត្តកំពង់ធំថ្លែងដូច្នេះកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក។
លោកបានបន្តថា : រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការ គោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និងកាតព្វកិច្ច របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមអភិក្រម(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។
លោកបានណែនាំដល់ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក ត្រូវពង្រឹងរបៀបរបបធ្វើការងារ, ទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។
លោក នួន ផារ័ត្ន អភិបាលខេត្ត បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ៕