សេដ្ឋកិច្ច

«វេទិកាក្រុមហ៊ុនចុះបញ្ជី» ផ្សព្វផ្សាយសក្តានុពលរបស់ធនាគារអេស៊ីលីដាដល់វិនិយោគិន

ដោយៈសិរីមតី

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជានិងធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤ បានសហការរៀបចំកម្មវិធី “វេទិកាក្រុមហ៊ុនចុះបញ្ជី” នៅទីតាំងធនាគារ អេស៊ីលីដា ការិយាល័យកណ្តាល ក្រោមប្រធានបទស្តីពី វឌ្ឍនភាពរបស់ ធនាគារ អេស៊ីលីដា។

វេទិកាដែលចូលរួមផ្ទាល់ពីសាធារណជន និងវិនិយោគិនជាតិនិងអន្តរជាតិនេះមានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលរបស់ធនាគារ អេស៊ីលីដា ដើម្បីឱ្យវិនិយោគិន បានស្វែងយល់ពីកាលានុវត្តភាពរបស់ធនាគារ នាពេលបច្ចុប្បន្ននិងអនាគត ព្រមទាំងផ្តល់ឱកាសដល់វិនិយោគិន បានឃើញដោយផ្ទាល់ពីសកម្មភាព និងវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារផងដែរ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា៖ ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជខ្មែរឈានមុខ ដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់និងការបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជននៅគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។ ធនាគារ អេស៊ីលីដា ជាធនាគារឌីជីថល ដែលមានបម្រើសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដូចជា សេវាធនាគារឌីជីថល សេវាឥណទាន សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាប័ណ្ណឥណទាន-ឥណពន្ធសេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាចាត់ចែងសាច់ប្រាក់និងសេវាធនាគារជាច្រើនផ្សេងទៀត។ ធនាគារ អេស៊ីលីដា មានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរសរុបចំនួន ១២.០៧០នាក់ និងមានបណ្តាញប្រតិបត្តិការចំនួន ២៦៤សាខា នៅទូទាំងប្រទេសកម្ពុជា។

បណ្ឌិតប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានឱ្យដឹងថា៖ធនាគារអេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងនិងចុះបញ្ជីភាគហ៊ុនដោយជោគជ័យនៅផ្សារមូលបត្រកម្ពុជានៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២០ដោយមានការចូលរួមពីវិនិយោគិនសរុបចំនួន ២.៤៩៦នាក់ ដោយកាន់កាប់ភាគហ៊ុនចំនួន៤.៣៤៤.៨៦៥ភាគហ៊ុន ស្មើនឹង ១,០០៣១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា។

បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា៖«គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា កើនឡើងចំនួន ១៨.៤៨២នាក់ ស្មើនឹង ៣៥.៧០% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈភាគហ៊ុនដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (Floating shares on CSX) មានចំនួន ៧៦.០៩៨.៣២៩ភាគហ៊ុន ស្មើនឹង ១៧,៥៦៨១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ចំនួន ៤៣៣.១៦៣.០១៩ ភាគហ៊ុន។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា ទំហំជួញដូរនៅទីផ្សារមូលបត្រ (Trading volume) ចំនួន ៧៦.៧៧៣.៤៥១ ភាគហ៊ុន និងមូលធនទីផ្សារ (Market Capitalization) សរុបចំនួន ៣,២៩ ទ្រីលានរៀល»។

គួរំលឹកថា៖ក្នុងអំឡុងឆ្នាំ២០១៩សកម្មភាពជួញដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជាមានវិនិយោគិនចំនួន២២.៤៤៧គណនី ទំហំជួញដូរ(Trading volume)សរុបចំនួន១៥.៤៨៩.៩០៥ភាគហ៊ុន ភាគហ៊ុនសរុបដែលបានចុះបញ្ជី(Listed shares)មានចំនួន៣០៥.៣០៤.៤៩៥ភាគហ៊ុននិងមូលធនទីផ្សារ(Market Capitalization)សរុបចំនួន២,៨១ទ្រីលានរៀល។

បន្ទាប់ពីវត្តមានរបស់ធនាគារ អេស៊ីលីដានៅលើផ្សារមូលបត្រកម្ពុជារហូតមកដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ផ្សារមូលបត្រកម្ពុជា មានការកើនឡើង៖

  • វិនិយោគិនសរុបចំនួន ៥១.៧៧១គណនី
  • ទំហំជួញដូរ (Trading volume) សរុបចំនួន ១៦៨.៨០៧.៨២៩ភាគហ៊ុន
  • ភាគហ៊ុនសរុបដែលបានចុះបញ្ជី (Listed shares) មានចំនួន ៣.១២៨.៩១៤.៧៨៤ភាគហ៊ុន
  • មូលធនទីផ្សារ (Market Capitalization) សរុបចំនួន ១១,២១ ទ្រីលានរៀល

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា៖ ក្នុងនាមជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ធនាគារ អេស៊ីលីដា នៅតែប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ក្នុងការប្រតិបត្តិអភិបាលកិច្ចសាជីវកម្ម និងការរក្សាតម្លាភាព ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានព័ត៌មានធនាគារ និងអត្ថប្រយោជន៍ផ្សេងៗ ដូចៗគ្នាប្រកបដោយប្រសិទ្ធភាព ដូចជា ការជូនដំណឹងអំពី ផែនការយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគលាភ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់ធនាគារ។ ការប្រកាន់ខ្ជាប់របស់ធនាគារ ក្នុងការអនុវត្តដ៏ល្អបំផុតចំពោះអភិបាលកិច្ចសាជីវកម្មបានដើរតួយ៉ាងសំខាន់បំផុតក្នុងការទាក់ទាញនិងការកសាងទំនុកចិត្តជូនវិនិយោគិន និងភាគហ៊ុនិក ឱ្យចូលរួមចំណែកក្នុងទីផ្សារភាគហ៊ុន និងមានប្រតិបត្តិការជួញដូរយ៉ាងសកម្មជាបន្តបន្ទាប់។ លើសពីនេះទៀត ធនាគារ អេស៊ីលីដា ផ្តោតការយកចិត្តទុកលើនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល បានបង្កើនបទពិសោធន៍ និងប្រសិទ្ធភាព ក្នុងការបម្រើសេវាធនាគារជូនអតិថិជន និងសាធារណជន ប្រកបដោយគុណភាព ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤១លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៨លាននាក់។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងថា៖ វេទិកាក្រុមហ៊ុនចុះបញ្ជី ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨មក ក្នុងគោលបំណងពង្រឹង ពង្រីកទំនុកចិត្ត និងសមត្ថភាពវិភាគរបស់វិនិយោគិនក៏ដូចជាវិនិយោគិនសក្តានុពល មុននឹងសម្រេចចិត្តវិនិយោគ។

ឯកឧត្តមបានលើកឡើងថា៖ «ការរៀបចំកម្មវិធីបែបនេះនឹងជួយឱ្យវិនិយោគិនអាចសម្រេចចិត្តបានកាន់តែប្រសើរក្នុងការវិនិយោគជាពិសេសពាក់ព័ន្ធនឹងការវិនិយោគរយៈពេលវែង ។ យើងនឹងបន្តធ្វើកម្មវិធីនេះជាបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ដល់វិនិយោគិន»។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា៖ទីផ្សារមូលបត្រមួយអាចដំណើរការបានល្អ តម្រូវឱ្យមានទាំងក្រុមហ៊ុនចុះបញ្ជីល្អៗនិងវិនិយោគិនប្រកបដោយចំណេះដឹងនិងពត៌មាន។វេទិកានពេលនេះ កំពុងបន្ថែមនូវចំណេះដឹងនិងពត៌មានល្អៗដើម្បីឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តនិងអាចធ្វើការសម្រេចចិត្តវិនិយោគដោយខ្លួនឯង ហើយវិនិយោគិននឹងមានទំនុកចិត្តលើក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើន៕