ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យពង្រឹងការអនុវត្តពាក់ព័ន្ធនឹងកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ រដ្ឋបាល ពិសេសគឺអាជ្ញាធរដែនដី សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ កងទ័ព មន្ទីរ អង្គភាពជំនាញនិងអ្នកពាក់ព័ន្ធក្នុងក្របខ័ណ្ឌចំណុះគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យក៏ពង្រឹងការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់។

នេះបើយោងកិច្ចប្រជុំត្រួតពិនិត្យការងារដែលមន្ត្រីរដ្ឋបាលខេត្តបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៤ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា: ក្នុងនាមរដ្ឋបាលខេត្តនិងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននិងកំពុងផ្តោតយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់សង្គម ដោយធ្វើការជំរុញនិងត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាប្រចាំ ។

ក្នុងនោះមានការបង្ក្រាបល្បែងស៊ីសង បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្សនិងបញ្ហា នានា ដែលកើតឡើងទាំងនៅផ្ទៃក្នុងនិងតាមបណ្ដោយព្រំដែន កម្ពុជា ថៃ ផងដែរ។

នេះជាអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញកាលពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺបានខិតខំប្រឹងប្រែងអនុវត្តជាបន្ទាន់ភ្លាមៗ និងបានធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចធិបតីដ៏ខ្ពង់ខ្ពស់អំពីលទ្ធផលនៃការអនុវត្តន៍តាមបទបញ្ជារបស់សម្តេចកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ រួចហើយដែរ ។

ជាមួយគ្នានេះ លោករស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធាន គ.ល.ក ក៏បានអញ្ជើញដឹកនាំប្រជុំជាមួយរដ្ឋបាលខេត្តដើម្បីពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទកាលពីថ្ងៃទី០៥ខែមេសា ឆ្នាំ២០២៤ នៅសាលា ខេត្តបន្ទាយមានជ័យផងដែរ។

លោកអ៊ុ រាត្រីក៏បានរាយការណ៍សង្ខេបអំពីសកម្មភាពនិងលទ្ធផលដែលខេត្តបន្ទាយមានជ័យ បានអនុវត្តកន្លងមកដូចជា : ក.អំពីការគ្រប់គ្រងទីតាំងអាជីវកម្មឆ្នោតឡូតូក្នុងភូមិសាស្រ្តខេត្ត។ នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យកន្លងមកមានទីតាំងអាជីវកម្មឆ្នោតឡូតូចំនួន៧៤កន្លែង ដោយនៅក្នុងនោះមាននៅ ក្រុងប៉ោយប៉ែតចំនួន១៤កន្លែង ក្រុងសិរីសោភ័ណ ចំនួន២២កន្លែងស្រុកមង្គលបូរី ចំនួន១៦កន្លែងនិងមួយចំនួនទៀតនៅ៥ស្រុកទៀត ។

ទីតាំងបានបិទឈប់ដំណើរការទាំងស្រុងត្រឹមថ្ងៃទី០៤ខែមីនា ឆ្នាំ២០២៤ កន្លងមក ។

ខ.អំពីការគ្រប់គ្រងផលប៉ះពាល់ដែលកើតពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៖ នៅក្នុងភូមិសាស្រ្តខេត្តគិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤នេះ មានទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដូចមានខាងក្រោម៖ ១-ក្រុមហ៊ុន-សហគ្រាសមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន១៦ទីតាំង។២-ក្រុមហ៊ុន-សហគ្រាសមានលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន១៧ទីតាំង។៣-ហាងបញ្ចាំពុំមានលិខិតអនុញ្ញាត ចំនួន១៩កន្លែង ។

ហាងបញ្ចាំទាំងអស់នេះ ក្រុមការងារចម្រុះបានចុះធ្វើកិច្ចសន្យាបិទទីតាំងរួចរាល់ហើយដែរ ។

គ.អំពីកាស៊ីណូ ៖  ភូមិសាស្រ្តខេត្តមានតែនៅក្រុងប៉ោយប៉ែតជាប់ព្រំដែនជាមួយប្រទេសថៃ មានច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលជាច្រកទ្វារចេញ ចូលភ្ញៀវទេសចរដ៏សំខាន់មួយ បច្ចុប្បន្ននៅតំបន់នេះមានកាស៊ីណូសរុប ចំនួន៣៥ ក្នុងនោះមាន៖ កាស៊ីណូចំនួន៣០ កំពុងដំណើរការ ។កាស៊ីណូ ចំនួន៥បានបិទអាជីវកម្ម។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានផ្តល់នូវអនុសាសន៍នានានិងគន្លឹះដើម្បីអោយខេត្តយកទៅអនុវត្តបន្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយករដ្ឋមន្រ្តីស្តីពីការទប់ស្កាត់ និងបង្រ្កាបល្បែងផ្សងសំណាង ឱ្យមានប្រសិទ្ធភាព និងក៏ដើម្បីធានាដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម  និងលើកកម្ពស់ជីវភាពរស់នៅ ភាពសុខសាន្តនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋនិងជាការរួមចំណែកមួយដ៏ធំក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

លោកនាយឧត្តមសេនីយ៍ក៏ជំរុញឲ្យបន្តខិតខំនិងអនុវត្តអោយមានលទ្ធផលនិងប្រសិទ្ធភាពល្អលើជនប្រើប្រាស់សារធាតុញៀន ក្មេងទំនើងនិងបញ្ហាសន្តិសុខ ស្ថេិភាពដែលប៉ុនប៉ងបង្កដោយក្រុមវិទ្ធង្សនា ក្រុមប្រឆាំងផងដែរ៕