ព័ត៌មានជាតិ

គ្រោះរាំងស្ងួតនៅបន្ទាយមានជ័យ៖ ដំណាំស្រូវប៉ះពាល់៣៥៩៨២ហិកតា ,ខូចខាត២៦៣៨ហិកតា ,ដំណាំឧស្សាហកម្មប៉ះពាល់១៦២៨ហិកតា ពោត៣០១ហិកតា

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ស្ថានភាពលើដំណាំស្រូវរដូវវស្សារងផលប៉ះពាល់ដោយគ្រោះរាងស្ងួតគិតត្រឹមថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៤ កន្លងមករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានបង្ហាញថា ផលប៉ះពាល់ពីគ្រោះរាំងស្ងួត(នៃកូនរដូវប្រាំងក្នុងរដូវវស្សា) លើដំណាំស្រូវប៉ះពាល់ចំនួន៣៥៩៨២ហិកតា ,ខូចខាតចំនួន២ ៦៣៨ហិកតា ,ដំណាំឧស្សាហកម្មប៉ះពាល់ចំនួន១៦២៨ហិកតា ក្នុងនោះដំណាំពោត៣០១ហិកតា។

នេះបើតាមមន្ត្រីមន្ទីរនេះឲ្យដឹងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។

មន្ទីរចេញរាយការណ៍បែបនេះក្នុង១សប្តាហ៍ម្តងរាយការណ៍ទៅលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

នេះក៏យោងបោយការណ៍របស់រដ្ឋបាលឃុំ/សង្កាត់ និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាននៃស្រុកថ្មពួក ស្រុកភ្នំស្រុក ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកម៉ាឡៃ និងការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ ក្រុងសិរីសោភ័ណ ។

មន្ត្រីបានបន្តថា: ដោយសារតែមានភ្លៀងដោយអន្លើតាមកន្លែង បានធ្វើឲ្យដំណាំស្រូវនៅឃុំគោកកឋិន ឃុំបន្ទាយឆ្មារ និងឃុំភូមិថ្មីក្នុងស្រុកថ្មពួកមានភាពប្រសើរឡើងវិញសរុបប្រហែលចំនួន១៣៦៤ហិកតា ។

ដោយឡែកនៅតំបន់ដែលបន្តគ្មានភ្លៀងធ្លាក់ បានធ្វើឲ្យដំណាំស្រូវប៉ះពាល់សរុបចំនួន៣៥៩៨២ ហិកតា និងខូចខាតសរុបចំនួន ២៦៣៨ហិកតា លើផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន ២៧០.១៦២ហិកតា ។

ចំណែកដំណាំឧស្សាហកម្មរងផលប៉ះពាល់សរុបចំនួន ១.៦២៨ ហិកតា ដែលក្នុងនោះដំណាំពោតផលប៉ះពាល់សរុបចំនួន ១.១៣៣ ហិកតា(បានខូចខាតចំនួន ៣០១ ហិកតា)នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន ១៤.១០៧ ហិកតា និងដំណាំដំឡូងមីប៉ះពាល់សរុបចំនួន ៤៩៥ ហិកតាបានខូចខាតចំនួន៥៥ហិកតានៃផ្ទៃដីអនុវត្តបានទូទាំងខេត្ត សរុបចំនួន ៥៦.៧១៨ហិកតា។

គ្រោះរាំងស្ងួតប៉ះពាល់លើស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងនោះផ្ទៃដីអនុវត្តបានចំនួន២៧០.១៦២ហិកតា ក្នុងនោះផ្ទៃដីប៉ះពាល់ចំនួន៣.៥៣៨២ហិកតា(ឡើងទឹក, ធ្ងន់, កណ្តាល)និងស្រាលចំនួន៦៣៥ហិកតា(ដើមរដូវ)  និងផ្ទៃខូចខាតមាន២.៦៣៨ហិកតា ។ក្នុងនោះស្រុកមង្គលបូរីមាននៅឃុំចំណោម អូរប្រាសាទ.ភ្នំតូច រហាត់ទឹក ,ឫស្សីក្រោក សឿ និងតាឡំ។ ស្រុកភ្នំស្រុក មាននៅឃុំណាំតៅ ប៉ោយចារនិងពន្លៃ ។ ស្រុកព្រះនេត្រព្រះមាននៅឃុំឈ្នួរមានជ័យ ស្រុកអូរជ្រៅមាននៅឃុំចង្ហារ កូប សុភី សឹង្ហ និងអូរបីជាន់។ក្រុងសិរីសោភ័ណមាននៅសង្កាត់កំពុងស្វាយ កោះពងសត្វ ម្កាក់ អូរអំបិលទឹកថ្លា ភ្នៀត ម្កាក់ ។

ស្រុកថ្មពួក មាននៅឃុំបន្ទាយឃុំបន្ទាយឆ្មារ គោករមៀត ភូមិថ្មី  គំរូ  គោកកឋិន ថ្មពួក ។

ស្រុកស្វាយចេកមាននៅឃុំស្លាក្រាម ស្វាចេក តាបែន តាផូរ រលួស។ស្រុកម៉ាឡៃមាននៅឃុំម៉ាឡៃ អូរស្រឡៅនិងទួលពង្រ ។ក្នុងនោះនៅវាលគ្រួសមានប្រឡាយជើងក្អែប ប៉ុន្តែមានទឹកតិចៗ និងឆ្ងាយប្រភពមេ និងនៅតាមឃុំខ្លះនៃស្រុកថ្មពួកបានប្រសើរឡើងវិញចំនួន

ចំណែកដំណាំរួមផ្សំ ដំណាំបន្លែនិងដំណំកសិកម្ម -ឧស្សាហកម្មរដូវវស្សារងផលប៉ះពាល់(គិតត្រឹមថ្ងៃទី២៩ខែសីហាដែរ សរុប១.៦២៨ហិកតា ក្នុងដំឡូងមី៤៩៥ហិកតា ពោតក្រហម ១.១៣៣ហិកតា។ក្នុងនោះផ្ទៃដីខូចខាតចំនួន៣៥៦ហិកតា ។

មន្ត្រីជំនាញបានវាយតម្លៃនិងសន្និដ្ឋានដំណាំស្រូវ និងដំណាំពោតក្រហម ដែលរងផលប៉ះពាល់ទាំងនេះអាចនឹងមានភាពប្រសើរឡើងវិញជាបណ្តើរៗ បើមានភ្លៀងធ្លាក់ឆាប់ៗ។

ប៉ុន្តែប្រសិនបើក្នុងករណីនៅតែបន្តគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល៤ទៅ៥ថ្ងៃខាងមុខនោះអាចនឹងបន្តប៉ះពាល់ និងខូចខាត បន្ថែមជាបណ្តើរៗទៀតផង។

  • ផែនការបន្ត

មន្ត្រីជំនាញនិងអាជ្ញាធរបន្តចុះពិនិត្យ តាមដាន ពីស្ថានភាពព្រោះរាំងស្ងួតជាប្រចាំ ព្រមទាំងរាយការណ៍ជាបន្តទៀត។

សូមរំលឹកដែរថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មនិងអមដំណើរដោយលោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញបានចុះតាមដាននិងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មបណ្តាលមកពីគ្រោះរាំងស្ងួត នៅស្រុកស្វាយចេក និងស្រុកថ្មពួក។

ក្នុងស្ថានភាពនេះ ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំបានខិតខំប្រឹងប្រែងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។

លោកបានណែនាំនិងផ្តល់ជាអនុសាសន៍មួយចំនួនដល់ប្រជាពលរដ្ឋអាចធ្វើការកែប្រែការដាំដុះដំណាំស្រូវ មកដំណាំចម្ការ ដូចជាដំឡូងមី ពោត សណ្តែក និងដំណាំឧស្សាហកម្ម និងការវាយតម្លៃពីការខូចខាត និងតម្រូវការស្តារឡើងវិញ ៕