ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រីសៀ​ ទីន  ទៅចូលរួមវេទិកាប្រឆាំងភេរវកម្មអន្តរជាតិ “Great Wall-2024” នៅប្រទេសចិន

ដោយ : បន្ទាយ
សៀមរាប: ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលចាត់បញ្ជូននោះ លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបក៏បានទៅចូលរួមវេទិកាប្រឆាំងភេរវកម្មអន្តរជាតិ “Great Wall-2024” ។

ប្រភពព័ត៌មានអោយដឹងថ្ងៃទី៣០ខែសីហាឆ្នាំ២០២៤ថា: វេទិកានោះរៀបចំដោយកម្លាំងនគរបាលប្រដាប់អាវុធប្រជាជនចិននៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនដែលប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ក្នុងនោះ មានសិក្ខាកាមចូលរួមពីតំណាងស្ថាប័នកងកម្លាំងប្រដាប់អាវុធ មកពី៥៣ប្រទេស។

នាឱកាសនៃវេទិកាអន្តរជាតិមួយនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើបទបង្ហាញលើប្រធានបទស្តីពី”សម្ភារបរិក្ខារប្រឆាំងភេរវកម្មដោយមិនប្រើកម្លាំងមនុស្ស៖ ហានិភ័យ និងអត្ថប្រយោជន៍ ក្នុងទស្សនៈកម្ពុជា”និងបានជួបសន្ទានារជាមួយមេបញ្ជាការ / មេបញ្ជាការរង នៃកងកម្លាំងប៉ូលិសប្រដាប់អាវុធប្រជាជនចិន និងនាយកសាលា ព្រមទាំងប្រតិភូកងកម្លាំងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ។

បន្ថែមលើនោះ ក្នុងឱកាសបំពេញបេសកកម្មនៅរដ្ឋធានីប៉េកាំងប្រទេស ចិន ប្រតិភូកងកម្លាំងប្រដាប់អាវុធអន្តរជាតិព្រមទាំងលោក ក៏បានធ្វើទស្សនកិច្ចតាមបណ្តាកងឯកភាពកងកម្លាំង តាមបណ្តាក្រុមហ៊ុន និងតំបន់ទេសចរណ៍វប្បធម៌ផងទៀត៕