សន្ដិសុខសង្គម

បង្ក្រាបការដឹកជញ្ជូនកូនត្រីប្រាល្មើសច្បាប់ និងដុតបំផ្លាញចោលឩបករណ៍ល្មើសនេសាទ០២ករណីក្នុងស្រុកបរិបូណ៌ និងស្រុកកំពង់លែង

ដោយ : បន្ទាយ 

កំពង់ឆ្នាំង៖ សមត្ថកិច្ចជលផលខេត្តកំពង់ឆ្នាំង បន្តវិធានការក្តៅ បង្ក្រាបបទល្មើសនេសាទនារដូវបិទនេសាទ ដោយដុតនិងកាប់បំផ្លាញចោលវត្ថុតាងមួយចំនួនធំនៅនឹងកន្លែងតែម្តង។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងកាលពីថ្ងៃទី៣១ខែសីហាថា ប្រតិបត្តិការកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លទ្ធផលរួមមាន៖ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប៥នាក់ បានចុះល្បាតប្រទះឃើញការដឹកជញ្ជូនផលិតផលជលផល ភាគច្រើនជាប្រភេទកូនត្រីប្រា គ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

វត្ថុតាងមានដូចខាងក្រោម៖

១-ម៉ូតូសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង
២-ត្រីចម្រុះ៥០០ គីឡូក្រាម

តាមការស្រាវជ្រាវត្រីនេះបានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួន។

បន្ទាប់មកក្រុមការងារយើងបានឯកភាពគ្នាកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។

ដោយឡែកផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី កម្លាំងចូលរួមសរុប ចំនួន ៥នាក់ មធ្យោបាយម៉ាឡាស្មាច់ ០១ គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅក្នុងដែននេសាទ ចំណុច បឹងតាមលើ ខាងកើតភូមិតាមលលើ ឃុំកោះថ្កូវ ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង។

រីឯសង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និងសហគមន៍នេសាទភូមិព្រែកឆ្តោ សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយ លោក រៀល សុខុម នាយសង្កាត់រដ្ឋបាលជលផលគិរី កម្លាំងចូលរួមសរុបចំនួន ១៣នាក់ មធ្យោបាយទូកម៉ាឡាស្មាច់ ០៤គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចស្វាស្លាប៉ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។

ក្នុងនោះវត្ថុតាងបំផ្លាញចោលនៅនឹងកន្លែង ០២ករណីក្នុងនោះមាន :
១-របាំងស្បៃមុង១៦កន្លែងប្រវែង៥០០ម៉ែត្រ លូស្បៃមុង ចំនួន ១៦គ្រឿង បង្គោល ចំនួន២៧០ ដើម ត្រីចម្រុះចាក់លែងក្នុងដែននេសាទចំនួន ៨០ គីឡូក្រាម ៕