សន្ដិសុខសង្គម

ចាប់ខ្លួនជនសង្ស័យបីនាក់បងប្អូនក្នុងករណីប៉ុនប៉ងឃាតកម្មនិង កាប់មន្រ្តីនគរបាលម្នាក់ឱ្យរងរបួសធ្ងន់ពេលចុះបង្រ្កាប

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់បងប្អូនក្នុងករណីប៉ុនប៉ងឃាតកម្ម និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានកើតឡើងនៅភូមិ ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ៣០ សីហា។ ប៉ុន្តែករណីនេះនៅពេលកម្លាំងនគរបាលចុះអន្តរាគមន៍ បង្រ្កាប ជនសង្ស័យបានកាប់នឹងកាំបិតបណ្តាលឱ្យមន្រ្តីនគរបាលម្នាក់រងរបួសធ្ងន់។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនទី១/ ជាបុរសឈ្មោះ យ៉េង ស្រស់ អាយុ ២៧ ឆ្នាំ ជាជនដៃដល់,ទី២/ ជាស្រ្តីឈ្មោះ យ៉េង ស្រីនាង អាយុ ២៩ ឆ្នាំ និងទី៣/ ជាបុរសឈ្មោះ យ៉េង សុខឃីម អាយុ ៣៤ ឆ្នាំ។ ចំណែកជនរងគ្រោះជាបុរសអាយុ ៥៤ ឆ្នាំឈ្មោះ ប្រាក់ ទ្រី ត្រូវឈ្មោះយ៉េង ស្រស់ ប្រើកាំបិតផ្គាក់កាប់ចំក្បាលផ្នែកខាងឆ្វេង ដេរចំនួន បួនថ្នេរ ហើយមន្រ្តីនគរបាលម្នាក់រងរបួសធ្ងន់ចំកំភួនដៃខាងឆ្វេង ស្ទើរដាច់ត្រូវបញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ ដើមហេតុដែលបង្កឱ្យមានករណីខាងលើ ដំបូងឈ្មោះ យ៉េង ស្រស់ បានយកកាំបិតផ្គាក់កាប់ទៅលើចំក្បាលឈ្មោះ ប្រាក់ ទ្រី មួយកាំបិត ដោយសារតែខឹងនឹងជនរងគ្រោះម្នាក់នេះបានកាន់ក្បាលបងរបស់ខ្លួន(យ៉េង ស្រស់)។ ហើយប្រាក់ ទី បានប្តឹងសុំជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ យ៉េង ស្រស់។

ប្រភពដដែលបានបន្តថា ៖ ប៉ុន្តែនៅពេលកម្លាំងនគរបាលចំនួនបីនាក់ចុះដល់កន្លែងកើតហេតុ បែរជាឈ្មោះ យ៉េង ស្រស់ ជាជនសង្ស័យយកកាំបិតផ្គាក់ដែលបានកាប់ជនរងគ្រោះ ប្រាក់ ទ្រី ដេញកាប់ទៅលើមន្រ្តីនគរបាលម្នាក់ ក្នុងចំណោម បី នាក់ឱ្យរងរបួសធ្ងន់ ដោយជនសង្ស័យម្នាក់នេះបានប្រឆាំងនឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបានសម្រេចបាញ់បុកដី ក៏ផ្លាតទៅត្រូវចំកំភួនជើងខាងស្តាំរបស់ជនសង្ស័យ យ៉េង ស្រស់ ទើបចាប់ខ្លួនបាន។

ប្រភពបានបន្ថែមថា៖ ក្រោយឃាត់ខ្លួន យ៉េង ស្រស់ បងរបស់គេឈ្មោះ យ៉េង ស្រីនាង និងយ៉េង សុខឃីម បានចេញមករារាំងការឃាត់ ហើយសមត្ថកិច្ចនគរបាលសម្រេចចាប់ឃាត់ ពួកគេទាំងបីនាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕