កម្សាន្ដ

ព្យាករណ៍÷ឆ្នាំនេះភ្ញៀវមកលេងខេត្តកំពតអាចកើនដល់២លានកន្លះស្របពេលផលិតផលទេចរណ៍ថ្មីកើតឡើងបន្ថែម

ដោយ៖កំចាយ

កំពត÷ មន្ត្រីក្នុងដែនជំនាញបានបញ្ជាក់ថា រយៈ៨ខែនៃឆ្នាំ២០២៤ ខេត្តកំពតទទួលភ្ញៀវបានប្រមាណ១,៦លាននាក់។ ជាការរំពឹង ពេញមួយឆ្នាំ២០២៤ ទេសចរដែលចូលមកកម្សាន្តក្នុងខេត្តកំពតអាចកើនដល់២,៥លាននាក់តាមរយ:ផលិតផលទេសចរណ៍លេចចេញបន្តបន្ទាប់ ពិសេសនាឡិកាយក្សដែលជាសក្តានុពលឯកទើបនឹងកើតឡើងក្នុងក្រុងកំពតបន្ថែមលើរូបសំណាកត្រីសេះសមុទ្របាញ់ទឹក។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់លោក ម៉ៅ ធនិន បានធ្វើឲ្យខេត្តកំពតរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែក វិស័យទេសចរណ៍ គឺលោកអភិបាលខេត្តបានផ្តួចផ្តើមគំនិតរៀបចំតុបតែងលម្អសួនច្បារ ឆ្នេរខ្សាច់កម្សាន្ត និងបង្កើតសមិទ្ធផលថ្មីៗបន្តបន្ទាប់ ដូចជារូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាខ្នាតហើយខ្ពស់ជាងគេនៅកម្ពុជាដែលធ្វើឲ្យភ្ញៀវមកលម្ហែកម្សាន្ត និងស្នាក់អាស្រ័យយ៉ាងច្រើនកុះករ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត

លោកប្រធានមន្ទីរបានបញ្ជាក់ថា រយ:ពេល៨ខែកន្លងទៅនេះ ខេត្តកំពតទទួលទេសចរបានប្រមាណ១,៦លាននាក់។ ជាការព្យាករណ៍ ពេញមួយឆ្នាំ២០២៤ ភ្ញៀវអាចកើនដល់២,៥លាននាក់ ដ្បិតនាឡិកាយក្សដែលជាសមិទ្ធផលឯកបម្រើឲ្យវិស័យទេសចរណ៍ទើបនឹងកើតមាននាចុងខែសីហា ហើយខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រផងនោះ។

ក្រុមភ្ញៀវមកពីរាជធានីភ្នំពេញបានបង្ហាញនូវការចាប់អារម្មណ៍ថា ពួកគាត់ពេញចិត្តចំពោះសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ពិសេសការរៀបចំច្នៃប្រឌិដ្ឋបង្កើតសមិទ្ធផលឯកសម្រាប់ខេត្តដែលធ្វើឲ្យមានភាពទាក់ទាញទាំងនេះ៕