ព័ត៌មានជាតិ

តបសំណូមពររាស្ត្រ ៖ សម្រួលផ្លូវលំតភ្ជាប់ពីឃុំទៅឃុំត្រង់ចំណុចភូមិពន្លៃ ឃុំភ្នំដីនិងភូមិពង្រ ខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ អាជ្ញាធរបានដាក់គ្រឿងចក្រឈូសឆាយ កៀរកិនសម្រួលផ្លូវលំតភ្ជាប់ពីឃុំទៅឃុំត្រង់ចំណុចភូមិពន្លៃ ឃុំភ្នំដីនិងភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកហី រីហាំង អភិបាលរងស្រុកភ្នំស្រុកអោយដឹងកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២៤ថា: ពេលដែលមកដល់ទាំងព្រលប់ធ្វើជូនទាំងយប់តែម្តងគឺគ្រឿងចក្រដែលលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ផ្តល់សម្រាប់កៀរកិនផ្លូវលំបាកខ្លាំងដែលមានប្រវែង៥០០ម៉ែត្រលើប្រវែងផ្លូវសរុប ៣.០០០ម៉ែត្រ ត្រង់ចំណុចភូមិពន្លៃ ឃុំភ្នំដី និងភូមិពង្រ ឃុំប៉ោយចារ ។

កំណាត់ផ្លូវអន្តរឃុំនេះបានលើកគ្រឹះរួចរាល់ ថែមក្រួសក្រហមហើយ ដើម្បីតភ្ជាប់ពីឃុំភ្នំដីទៅកាន់ឃុំប៉ោយចារ ។

លោកអភិបាលរងស្រុកបន្តថា: នេះជាការឆ្លើយតបនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋតាមរយ:លោកមេភូមិដែលទើបលើកឡើងក្នុងវេទិកាសាធារណ:របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានកាលពីថ្មីៗនេះ ។

ក្នុងនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងប្រធានក្រុមការងារចុះឃុំភ្នំដី តំណាងឲ្យលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំ មេភូមិប្រជាពលរដ្ឋបានចូលរួមពិនិត្យដំណើរការគ្រឿងចក្រដែលកៀរកិនសម្រួលផ្លូវលំកំណាត់ខ្លីនោះហើយ។

បើតាមពលរដ្ឋនិងមន្ត្រីអាជ្ញាធរមូលដ្ឋានថា ផ្លូវនេះបម្រើឲ្យការដឹកជញ្ជូនកសិផល ពិសេសក្នុងរដូវប្រមូលដំណាំដំឡូងមីរបស់ប្រជាកសិករផងនិងការធ្វើដំណើរទៅ មកពីភូមិទៅឃុំ និងទៅស្រុកផងដែរ ។

ប្រជាពលរដ្ឋបានសម្តែងការសាទរ និងគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំដែលជានិច្ចកាលតែងចិត្តទុកចូលរួមជួយដោះស្រាយ ទុក្ខលំបាក បញ្ហាប្រឈមរបស់គាត់ ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព តាមរយ:ផ្លូវនេះ៕