សន្ដិសុខសង្គម

សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ត១គ្រឿងលួចដឹកចុងស្លាបមាន់បង្កកចំនួន ២០០កេស

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ មានផលិតកម្មនិងបសុព្យាបាលខេត្តបានហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានចុះចាប់នៅវេលាម៉ោង ១ ថ្ងៃត្រង់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកតោ មេសា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ សមត្ថកិច្ចចម្រុះដូចខាងលើបានធ្វើការត្រួតពិនិត្យនិងដកហូតនូវផលិតផលបក្សីចុងស្លាបមាន់បង្កកចំនួន២០០កេស ស្មើនឹង២.៤០០គីឡូក្រាមដូចវេលានិងទីកន្លែងខាងលើ។

ករណីនេះ ម្ចាស់ទំនិញមានឈ្មោះឈិន សុខាន់ បានផ្តល់ចម្លើយបំភ្លឺថា ចុងស្លាបមាន់បង្កក២០០កេសនេះ ខ្លួនបានទទួលពីអ្នកលួចនាំចូលពីប្រទេសថៃ ទេ ហើយខ្លួនក៏បង្កប់ដឹកតាមរថយន្តរត់នាំមុខម៉ាកយាំយ៉ុងយកមកលក់ឲ្យឈ្មួញទិញដុំដើម្បីចែកចាយបន្តគឺលក់ចែកចាយរាយនៅតាមផ្សារទីតាំងនានា។

សមត្ថកិច្ចចម្រុះបានធ្វើការដកហូតវត្ថុតាងផលិតផលចុងស្លាបមាន់បង្កក២០០កេះនេះធ្វើកំណត់ហេតុ បានមើលឯកសាររកឃើញថាស្លាបមាន់បង្កកនេះគឺនាំចូលដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។

យោងការពិនិត្យបច្ចកទេសឃើញថាការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សាផលិតផលទាំងអស់ខាងលើ ក៏មិនអនុលោមតាមខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព ។ ហេតុនេះជំនាញពាក់ព័ន្ធមិនអនុញ្ញាតអោយចែកចាយ លក់ដូរនៅលើទីផ្សារបានជាដាច់ខាត ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។

នៅរសៀលថ្ងៃដដែល សមត្ថកិច្ចចម្រុះបាននាំយកវត្ថុតាងផលិតផលបក្សីដូចខាងលើយកទៅដុតកម្ទេចចោលនៅចំណុចដីឡូតិ៍មួយកន្លែងនាភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕