អន្តរជាតិ

ស្រ្តីចំណាស់អាយុ ៩០ ឆ្នាំនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកប្រារព្ធខួបកំណើតដោយលោតឆត្រពីលើមេឃ

ប្រែសម្រួល៖សហការី

ស្រ្តីរស់នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកដែលជាអ្នករស់រានមានជីវិតពីជំងឺមហារីកបានប្រារព្ធខួបកំណើតគម្រប់ ៩០ ឆ្នាំរបស់គាត់នៅក្នុងខែនេះដោយការលោតពីលើមេឃកម្ពស់ ១៣,០០០ ហ្វីតពីដី។

លោកយាយ Shirley Tuter មកពី Dunnigan បានស្វែងវិធីដែលធ្វើឲ្យគាត់រំភើបនៅក្នុងថ្ងៃខួបកំណើត គម្រប់ទសវត្សរ៍ទី ៩ របស់គាត់នៅថ្ងៃទី ១៦ ខែសីហាដោយការលោតពីលើមេឃ។

លោកយាយ Shirley Tuter បានលោតចេញពីយន្តហោះរបស់ក្រុមហ៊ុន SkyDance SkyDiving ដែលហោះចេញពីអាកាសយានដ្ឋាន Yolo County។ លោតយាយTuter រក្សាភាពស្ងប់ស្ងាត់នៅមុនពេលលោតពីលើមេឃ បុគ្គលិកម្នាក់បានព្រមានអំពីការរឹតបន្តឹងខ្សែសុវត្ថិភាពថាវា «គ្រោះថ្នាក់ខ្លាំងណាស់»។

គាត់បាននិយាយទាំងញញឹមនៅក្នុងឃ្លីបដែលចេញផ្សាយនៅថ្ងៃចន្ទថា «ខ្ញុំជាមនុស្សចូលចិត្តលេងល្បែងគ្រោះថ្នាក់»។

បន្ទាប់មកលោកយាយ Tuter ក៏ថើបកាមេរ៉ា ហើយលើកមេដៃមួយឡើង។

គាត់ទទួលបានការលើកទឹកចិត្តពីសមាជិកគ្រួសារដែលបែកគំនិតធ្វើរឿងដ៏ចម្លែកភ្លាមៗបែបនេះ គាត់និយាយទាំងសើចថា «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំប្រហែលជាមិនចាំបាច់ដើរទៀតទេ»។

កូនប្រុសរបស់គាត់ឈ្មោះ John Lewis បានប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ ABC 10 ក្នុងស្រុកថា ការប្រារព្ធពិធីលោតពីលើមេឃដ៏គួរឲ្យភ័យខ្លាចមួយនេះគឺមិនធម្មតាទេ គឺវាជាលក្ខខណ្ឌរបស់ម្តាយគាត់ដែលបានរួចជីវិតពីជំងឺមហារីក៕