ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ មានការរាប់បាត្រព្រះសង្ឃ១០៨អង្គ ក្នុងពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ ធ្វើពីស្ពាន់កម្ពស់ ៩ម៉ែត្រ នៅក្នុងវត្តគិរីរុក្ខារាម ហៅវត្តថ្មរមៀល ក្នុងនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ព្រះគ្រូចៅអធិការវត្តបានមានសង្ឃដីកាកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ថា: ពិធីនោះមានការអញ្ជើញចូលរួមដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកកែ សួនសុភី អមដំណើរដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ជាពិសេសក៏មានវត្តមានលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងមហាក្រុមគ្រួសារនៃអ្នកដន្លងទាំង២ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចុះការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ យាយជីតាជី ព្រះសង្ឃជាច្រើនអង្គ / នាក់។
ព្រះអង្គគ្រូ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល បានមានសង្ឃដីកាថា ព្រះពុទ្ធអង្គធំធ្វើពីស្ពាន់សុទ្ធកម្ពស់៩ម៉ែត្រ សង់គង់នៅលើផែនថ្ម១ដុំយ៉ាងធំ។ ទ្រង់បែរព្រះភ័ក្ត្រទៅទិសបូព៌និងស្ថិតនៅចង្កេះជួរភ្នំដងរែក ព្រំដែនកម្ពុជា ថៃ ក្នុងបរិវេណវត្តថ្មរមៀល ភូមិថ្មរមៀលកើតឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជើងនៃជួរភ្នំដងរែក មានទេសភាព ទិដ្ឋភាពស្រស់ត្រកាល មានព្រៃឈើ មានសណ្ឋានដីទាបខ្ពស់ មើលឃើញផ្លូវ ឃើញភូមិឋានអ្នកស្រុក ។ វត្តជាទីគោរពសក្ការ:នេះក៏អាចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ លាយឡំការកែច្នៃ១។
សមិទ្ធផលជាច្រើនបានកើតឡើងក្នុងវត្តថ្មរមៀលនេះ គឺបានមកពីសទ្ធាជ្រះថ្លាពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។
នាឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ព្រមទាំងពង្រឹង សន្តិសុខ ការពារសុខសន្តិភាព ជូនជាតិមាតុភូមិ ។
ហេតុនេះ ប្រជាជាតិបានបន្តគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការសាងសង់ព្រែកជីកហ្វូណន តេជោ និងចូលរួមគាំទ្រនូវសារសំឡេង ពិសេសរបស់ សម្តេច តេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV . DTA ៕