សេដ្ឋកិច្ច

ស្រូវស្រាលរដូវវស្សាត្រូវប្រមូលផលបណ្តើរៗដើមទីឆ្នាំ២០២៤នេះក្នុងតម្លៃសមរម្យ តែទាបជាងឆ្នាំ២០២៣

ដោយ : បន្ទាយ
បន្ទាយមានជ័យ : ស្រូវស្រាលឬស្រូវប្រាំងមិនប្រកាន់រដូវដើមរដូវវស្សានៅខេត្តបន្ទាយមានជ័យ ក៏ដូចខេត្តឯទៀតដែរ ត្រូវបានកសិករប្រមូលផលបណ្តើរៗ ហើយលក់អោយឈ្មួញកណ្តាលដោយក្នុងនោះបានតម្លៃសមរម្យដែរគឺតាមប្រភេទនិងគុណភាពស្រូវសើមបានថ្លៃចន្លោះពី៨ទៅជាង៩បាតប្រាក់ថៃឬពីជាង៨០០ទៅជិត១.០០០រៀល/១គីឡូក្រាម ។

ទោះយ៉ាងណាតម្លៃនេះទាបជាងឆ្នាំ២០២៣ គិតក្នុងពេលដូចគ្នា ដែលកាលណោះតម្លៃលើស១.០០០រៀល/១គីឡូក្រាម។នេះជាតម្លៃនៅវាលស្រែនិងតាមផ្លូវឬទីទួលជាប់និងជិតវាលស្រែ។

មន្ត្រីការិយាល័យគ្រប់គ្រងអាជីវកម្មនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានអោយដឹងថា: ស្ថានភាពទិញលក់ស្រូវសើមនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាល្ងាច ដោយពូជស្រូវស្រាល(ពូជវៀតណាម54-51 ) លក់បានតម្លៃ៨.៦០០បាតទៅ៨.៧០០បាត/១តោនឬ៨,៦ទៅ៨,៧បាត/គីឡូក្រាម ឬប្រមាណជិត៩០០រៀល/១គីឡូក្រាម។

នេះបើតាមទីតាំងដែលឈ្មួញឈរទិញ មួយនៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ។ បន្ទាប់ពីប្រមូលទិញនៅពេលល្ងាចដល់យប់ជ្រៅហើយ ឈ្មួញត្រូវដឹកជញ្ជូនស្រូវទៅចូលរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង។

តម្លៃនេះប្រហាក់ប្រហែលកាលពីថ្ងៃទី២៤ខែសីហា នៅទីតាំងឈ្មួញឈរទិញ ជិតសាលាឃុំស្រះជីក និងភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ។

ប៉ុន្តែតម្លៃនេះបានធ្លាក់ខ្លះបើធៀបនឹងទីតាំងជិតខាងនោះកាលពីថ្ងៃទី២២ខែសីហា ដែលបានតម្លៃចន្លោះពី៩.០០០ទៅ៩.៣០០បាត/១តោន ឬអាចនិយាយថា នៅរវាងដើមសប្តាហ៍និងចុងសប្តាហ៍តម្លៃចុះប្រមាណ១.០០០បាត/១តោន ឬចុះជាង១០០រៀល/១គីឡូក្រាម។
គឺទាំងនៅទីតាំងទិញនាភូមិ ឃុំក្នុងស្រុកភ្នំស្រុកនិងស្រុកអូរជ្រៅ ជាទីដែលស្រូវហុចផលឬត្រូវបានទុំនិងច្រូតកាត់ប្រមូលផលមុនគេក្នុងខេត្តបន្ទាយមានជ័យ ហើយតម្លៃនេះ វាទាបជាងបន្តិចបន្តួចបើប្រៀបធៀបនឹងតម្លៃស្រូវក្នុងប្រភេទនិងគុណភាពដូចគ្នានិងពេលដំណាលគ្នានេះនៅខេត្តបាត់ដំបង កំពង់ស្ពឺ គិតត្រឹមថ្ងៃទី២៦ខែសីហាឆ្នាំ២០២៤ ។
ពោលគឺជើងកំពង់(ហាងឆេង)នៅគីឡូម៉ែត្រលេខ២៩ ខេត្តកំពង់ស្ពឺ តម្លៃស្រូវសើមពូជ៥៤-៥១ លក់បាន១.១៥០រៀល/១គីឡូក្រាម ឬជិត១០បាត/១គីឡូក្រាមឬជិត១.០០០បាត/១តោន ។
ចំណែកនៅផ្លូវជាតិលេខ៥ នាខេត្តបាត់ដំបងនិងពោធិ៍សាត់តម្លៃស្រូវសើមពូជ៥៤-៥១ លក់បាន១.១២០រៀល/១គក្រ ឬជិត១០បាត/១គក្រ ឬជិត១.០០០បាត/១តោន ។

លោកប៊ុក ឡាយជី មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មាននាព្រលប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២៤ថា: បើប្រៀបធៀបនឹងពេលដូចគ្នានាឆ្នាំ២០២៤ នេះគឺតម្លៃស្រូវប្រភេទ៥៤-៥១និងគុណភាពនេះ ធ្លាក់ចុះថ្លៃជាងកាលពីឆ្នាំ២០២៣ ។ឆ្នាំនេះ ជាមធ្យមបានតម្លៃក្រោម១.០០០រៀល/១គក្រ។ឯកាលពីឆ្នាំ២០២៣ បានថ្លៃពី១.០៥០ទៅ១.០៧០រៀល/១គក្រ ។

លោកបន្តថា: នោះមកពីអត្រាថ្លៃទីផ្សារស្រូវនៅព្រំដែនកម្ពុជា វៀតណាម ធ្លាក់ថ្លៃដែរ។ ស្រូវពូជ៥៤-៥១នេះ ត្រូវដឹកពីកម្ពុជាទៅព្រំដែនវៀតណាម ហើយវៀតណាមគេកិនជាអង្ករនាំទៅលក់នៅទីផ្សារនាប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម ។

 

ទោះយ៉ាងណា លោកប៊ុក ឡាយជី បានអោយដឹងថា: សម្រាប់ហាងឆេងក្នុងស្រុកស្រូវស្រាលពូជសែនក្រអូប នាដើមរដូវប្រមូលឆ្នាំ២០២៤នេះ មានតម្លៃប្រហាក់ប្រហែលឆ្នាំ២០២៣ដែរ ។
គឺស្រូវសែនក្រអូប តម្លៃ១២បាតប្រាក់ថៃ/ ១គក្រឬ១.២០០បាត/១តោន។
ស្រូវពូជស្រងែតម្លៃ១៦បាត/១គក្រឬ១.៦០០បាត/១តោន ។

សូមបញ្ជាក់ថា ពូជស្រូវស្រាល៥៤-៥១ បានដល់មុន(ទុំនិងប្រមូលផលមុន) ហើយមកទល់ពេលនេះកសិករបាននឹងកំពុងប្រមូលផលនិងលក់សើមនៅភូមិសាស្ត្រស្រុកភ្នំស្រុក អូរជ្រៅនិងផ្នែកខ្លះនៃស្រុកមង្គលបូរី ព្រះនេត្រព្រះ ។ឯស្រូវស្រាលពូជសែនក្រអូប ពូជស្រងែនឹងទុំ ហើយប្រមូលផលនៅអំឡុង១៥-២០ថ្ងៃខាងមុខ ។

អំពីរោងម៉ាស៊ីនឃាវ ឈា ស្រុកព្រះនេត្រព្រះស្តុកស្រូវ-អង្ករចាស់វិញ មន្ទីរពាណិជ្ជកម្មខេត្តនេះអោយដឹងថា: ស្រូវ-អង្ករនៅសល់បន្តិចបន្តួច ។ ហើយម្ចាស់វា បច្ចុប្បន្ន កំពុងជួសជុលគ្រឿងម៉ាសុីន និងត្រៀមដេីមទុនដេីម្បីទិញស្រូវកណ្តាលពីឈ្មួញ និងបងប្អូនកសិករ ។ សមត្ថភាពឡសម្ងួតមាន 300តោន។

កន្លងមកខាងរោងម៉ាសុីនកិនស្រូវបានប្រេីប្រាស់ទុនកម្ចីពីធនាគារឯកជន(PrivateBank) & ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ(ARDB )ដេីម្បីទិញស្រូវស្តុកទុក និងកិនជាអង្ករសម្រាប់នាំចេញ៕