សន្ដិសុខសង្គម

ពលរដ្ឋស្នើឲ្យអាជ្ញាធរចុះស្រាវជ្រាវករណីគ្រឿងចក្រកាយដីនៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ 

ដោយ : បន្ទាយ
កំពង់ឆ្នាំង៖ ករណីទីតាំងគ្រឿងចក្រចូលទៅជីកកាយដីនៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទុម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានស្នើសុំអាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិចុះពិនិត្យស្រាវជ្រាវជាក់ស្តែង ។

បើតាមប្រជាពលរដ្ឋអោយដឹងកាលពីថ្ងៃទី២៥ខែសីហាថា :គ្រឿងចក្រទាំងនោះដឹកចូលកាលពីព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លុះព្រឹកថ្ងៃទី២២ ទើបធ្វើសកម្មភាព ប៉ុន្តែបានដកចេញទៅវិញយ៉ាងតក់ក្រហល់បន្ទាប់ពីបែកធ្លាយ។

ប្រភពបន្តថា : ពលរដ្ឋតវ៉ាដូច្នេះ មូលហេតុថា ទីតាំងខាងលើនោះកន្លងមកសូម្បីប្រជាពលរដ្ឋដែលអាស្រ័យផលនៅក្នុងនោះកាប់តែដើមទន្ទ្រាំងខេត្តនិងដើមឈើតូចតាច ក៏ខាងសហគមន៍និងមន្ត្រីការពារបរិស្ថានទៅហាមឃាត់ដែរ។ ប៉ុន្តែចុះហេតុអ្វីគ្រឿងចក្រអាចចូលទៅធ្វើសកម្មភាពជីកកាយបាន ឬមួយក៏មានអាជ្ញាប័ណ្ណពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ពលរដ្ឋមិនជឿថា : លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលនិងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឬគាំទ្រនោះឡើយ បើសិនជាខុសច្បាប់មែននោះ?

ប៉ុន្តែ ពលរដ្ឋបានស្នើសុំដូច្នេះ ដ្បិតមានការសង្ស័យនិងបារម្ភថា មន្ត្រីប្រចាំការនិងថ្នាក់ក្រោមបានលួចបន្លំប្រព្រឹត្តដោយលាក់បាំងពីថ្នាក់លើ។

ចំពោះលោកម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងមិនឆ្លើយតាមការសួរបំភ្លឺតាមប្រព័ន្ធតេឡេក្រាមនិងទូរសព្ទនៅថ្ងៃទី២៥ខែសីហា ។

ប៉ុន្តែមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅថ្ងៃទី២៥ខែសីហាថា : ករណីនេះខាងសហគមន៍ជីកដីយកមកធ្វើផ្លូវទេ មិនមែនអោយគេជីកដីលក់នោះឡើយ។

ក្រោយការបំភ្លឺដូចនេះ ប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងឆ្លើយតបថា : មានការចាក់ដីតាមផ្លូវមែន ប៉ុន្តែចាក់បានត្រឹមតែពីរឡានប៉ុណ្ណោះនៅក្បែរអូរ ។ក្រៅពីនោះគឺគ្រឿងចក្រខាងលើបានយកអាចម៍ដីចាក់តាមផ្ទះ និងតាមរីស្សត (Resort)នៅតំបន់ភ្នំអាញាស់ឯណោះទេ ។

រីឯចំពោះផ្លូវដែលអះអាងថា កាយដីចាក់នោះ តាមពិតខាងមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្តបានធ្វើស្អាតរួចរាល់ហើយដែរ មិនចាំបាច់អ្វីថាត្រូវកាយដីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះ មកចាក់ឬជួសជុលដែរ។

ហេតុនេះ ទើបពលរដ្ឋដាក់ការសង្ស័យថា នោះជាការឃុបឃិតគ្នា ប្រព្រឹត្តល្មើសបិទបាំងថ្នាក់លើប៉ុណ្ណោះ។

អ៊ីចឹងហើយទើបពួកគាត់ស្នើអាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ជាតិ មេត្តាចាត់ក្រុមការងារចុះអធិការកិច្ច ក្នុងករណីយកគ្រឿងចក្រមកកាយតំបន់ខាងលើ និងជាពិសេសជ្រាវជ្រាវរកមុខសញ្ញាជនដែលប្រព្រឹត្តទាំងបំពានមកលើដីការពាររបស់រដ្ឋមកធ្វើចំណាត់ការផ្លូវច្បាប់ ៕