សន្ដិសុខសង្គម

នគរបាល​​ក្រសួង​មហាផ្ទៃឃាត់ខ្លួនលោកគុយវ៉ាតពាក់ព័ន្ធរឿងឆបោកលុយរាប់លានដុល្លារ

ដោយ៖ស-សម្បត្តិ​

ភ្នំពេញ៖សមត្ថកិច្ចនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ កាលពីថ្ងៃទី​ ២៤​ សីហា​ ឆ្នាំ​ ២០២៤​ បាន​​ឃាត់ខ្លួន​លោក​ គុយ​ វ៉ាត​ ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹង​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​ ។

លោក​ គុយ វ៉ា​ត ដែល​គេបានស្គាប់ថាជាម្ចាស់​ហាង​ដ៏​ល្បីល្បាញ​នៅ​កម្ពុជាគឺ​​Park Café  និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត មានទីតាំងនៅរាជធានីភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២៤។

ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ជុំវិញការឃាត់ខ្លួនលោកគុយ វ៉ាត នេះគឺអាចជាប់ពាក់ព័ន្ធពី​បទឆបោក​ប្រាក់ និង​ចេញ​មូលប្បទានបត្រ(Check)​មិនមានសាច់ប្រាក់ពិតប្រាកដទៅដល់​រាប់​លាន​ដុល្លារឯណោះ ។

សូមបញ្ជាក់ថា នៅពេលកន្លងមកនេះ​មានប្រជាពលរដ្ឋជាច្រើនបានដាក់​ពាក្យបណ្តឹង​ជាច្រើនទៅតុលាការចំពោះ​លោកគុយ វ៉ាត ដោយពួកគេបានចោទប្រកាន់​ទៅលើលោកគុយ វ៉ាត ថាបាន​ពាក់ព័ន្ធ​នឹង​ការ​ចេញ​មូលប្បទានបត្រអត់មានសាច់ប្រាក់ និង​ការ​ឆបោក​ជាច្រើនករណីទៀត ។

ប្រភពព័ត៌មានពីបូលិសដែលអ្នកព័ត៌មានក្នុងស្រុកមួយចំនួនបានយកមកផ្សព្វផ្សាយបានឲ្យដឹងថា បន្ទាប់​ពី​​ឃាត់ខ្លួន ជនសង្ស័យ លោក គុយ វ៉ាត ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការដើម្បីចាត់ការទៅតាមច្បាប់៕