ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ធ្វើកំណាយស្រាវជ្រាវទីទួលបុរាណដើម្បីចង់ដឹងការរស់នៅរបស់មនុស្សសម័យបុរាណនៅប្រាសាទបន្ទាយក្តី

សៀមរាប៖ អាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន កំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យារួមគ្នា នៅលើទួលបុរាណមួយ នាជ្រុងអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី។

កំណាយបុរាណវិទ្យា ដែលចាប់ផ្ដើមតាំងពីដើមខែសីហា ឆ្នាំ២០២៤ គឺដើម្បីសិក្សាពីរចនាសម្ព័ន្ធទួលនិងទំនាក់ទំនងរវាងកំពែងប្រាសាទ ព្រមទាំងស្វែងយល់ពីការរស់នៅរបស់មនុស្សសម័យមុន ក្នុងពេលកសាងប្រាសាទ រហូតមកដល់សម័យក្រោយអង្គរ។

លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា(Sofia)ប្រទេសជប៉ុន ឱ្យដឹងថា ការជ្រើសរើសយកទីតាំងនៅទិសអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី សម្រាប់ការស្រាវជ្រាវនេះ ដោយសារតែ ប្រព័ន្ធបច្ចេកវិទ្យាLida បានថតរូបទីនោះ ឃើញមានទួលជាច្រើន ដូចគ្នានឹងនៅប្រាសាទអង្គរវត្តនិងប្រាសាទតាព្រហ្មដែរ។

លោកថាតាមការសំគាល់ទីទួលជាច្រើន គឺមានមនុស្សរស់នៅ កាលពីសម័យបុរាណ។
ដូច្នេះបានជាពេលនេះ ក្រុមការងាររើសយកទីទួលនៅជិតប្រាសាទបន្ទាយក្តី ធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាពីការតាំងទីរស់នៅរបស់មនុស្សកាលពីសម័យ
មុន។

ចំណុចសំខាន់មួយទៀត ការធ្វើកំណាយបុរាណវិទ្យាពេលនេះ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនិងនិស្សិតបុរាណវិទ្យាផង។

បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក វិទូ ភារម្យ មានប្រសាសន៍ថា ក្រុមអ្នកស្រាវជ្រាវ បានធ្វើកំណាយនេះ ចំនួន៣រណ្តៅ។ រណ្ដៅចំនួន២គឺជីកក្នុងជម្រៅ២ម៉ែត្រគុណ២ម៉ែត្រ ឯរណ្ដៅមួយទៀតជីកក្នុងជម្រៅ២ម៉ែត្រគុណ១.៥០ម៉ែត្រ។

តាមរយៈការធ្វើកំណាយនេះ បុរាណវិទូបានប្រទះឃើញស្លាកស្នាមអតីតកាលចំនួន៣ ដែលគេសន្និដ្ឋានថាទី១ ទីទួលនៅជ្រុងអាគ្នេយ៍នៃប្រាសាទបន្ទាយក្តីអាចមានពលករមករៀបចំស្នាក់នៅ ដើម្បីត្រៀមរៀបចំកសាងប្រាសាទលើទីទួលដែលមានស្រាប់។ ទី២ ពេលកំពុងសាងសង់ប្រាសាទ គឺមនុស្សអាចបន្តរៀបចំទួលនេះ ហើយចាក់ដីបន្ថែម ដោយយកកម្ទេច និងបំណែកថ្មភក់ រៀបចំធ្វើជាគ្រឹះនៅជាប់ជើងទួល និងទី៣ក្រោយពេលសាងសង់ប្រាសាទរួចរាល់ អាចមានមនុស្សមករស់នៅបន្តដើម្បីថែរក្សាប្រាសាទ មានដូចជាព្រាហ្មណ៍ និងខ្ញុំបំរើប្រាសាទជាដើម។

អ្នកស្រាវជ្រាវ ក៏បានរកឃើញទៀតថា នៅស្រទាប់ទី៣នៃរណ្ដៅកំណាយ គេក៏ប្រទះឃើញបំណែកកុលាលភាជន៍ខ្មែរ និងចិនដែលផលិតនៅចុងសតវត្សរ៍ទី១២ និងដើមទី១៣ជាច្រើនទៀត។

អ្នកស្រាវជ្រាវសន្និដ្ឋានជាជំហានដំបូង ជុំវិញទិន្នន័យនៃការធ្វើកំណាយនេះថាកាលពីសម័យបុរាណក្រៅពីការកសាងប្រាសាទ ក៏មានមនុស្សរស់នៅក្បែរកំពែងប្រាសាទដែរ។
នេះគឺជាភស្តុតាងថ្មីមួយបន្ថែមទៀត ក្រៅពីឯកសារដែលបានចារឹកទុក ឬក៏ចម្លាក់ ដែលមាននៅតាមប្រាសាទបុរាណនានា៕

អត្ថបទ៖ យី សុថា