ព័ត៌មានជាតិ

អ្នកសារព័ត៌មានសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) ជួបប្រជុំនិងបណ្តុះបណ្តាលវិជ្ជាជីវ:និងវឌ្ឍនភាពការងារ

ដោយ៖ បន្ទាយ
ស្រះកែវ -ថៃ : ថ្នាក់ដឹកនាំនិងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា ថៃ ព្រមទាំងតំណាងអ្នកឃោសនាការព័ត៌មានឡាវ វៀតណាមនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បានជួបប្រជុំប្រចាំឆមាសនិងបណ្តុះបណ្តាលស្តីពីបច្ចុប្បន្នភាពវិជ្ជាជីវ:និងវឌ្ឍនភាពការងារ រួមទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យនេះផង ។

នេះបើតាមកិច្ចប្រជុំមួយកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២៤ ដែលដឹកនាំដោយបណ្ឌិតប្រាស៉ើដ្ឋ សែនរុងរឿង អគ្គលេខាធិការ លោកបណ្ឌិតប្រូយ សម្បត្តិ អគ្គលេខាធិការរងទទួលប្រទេសថៃ លោកបណ្ឌិតសុខ សុវណ្ណ អគ្គលេខាធិការរងទទួលប្រទេសកម្ពុជានៅទីស្នាក់ការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) នាស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ។

អគ្គលេខាធិការរង គណៈកម្មាធិការនាយក ទីប្រឹក្សា អ្នកជំនាញការនិងអ្នកសារព័ត័មាននិងឃោសនាការព័ត៌មានមកពីប្រទេសខាងលើបានលើកឡើងពីស្ថានភាព សភាពការណ៍និងដំណើរការការងារលើវិស័យព័ត៌មាននិងឃោសនាការព័ត៌មាន ច្បាប់ ក្រមសីលធម៌វិជ្ជាជីវ: លទ្ធផលការងារនិងបញ្ហាប្រឈមរបស់ខ្លួន។

បន្តពីនោះ វាគ្មិនបានលើកឡើងពីការធ្វើបច្ចុប្បន្នភាពចំណេះជំនាញ វិជ្ជាជីវ: បច្ចេកទេសលើការថតរូប ការសរសេរព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានលើវិស័យនានា ព័ត៌មានស៊ើបអង្កេតបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិមិ្មតនិងការខិតខំបំពេញការងារប្រកបដោយក្រមសីលធម៌ គោរពច្បាប់និងប្រកបដោយការទទួលខុសត្រូវ ។

ចំពោះចំណេះជំនាញថ្មីគឺបញ្ញាសិប្បនិម្មិត (artificial intelligence) ឬហៅថា AI វាគ្មិនភាគីថៃអះអាងថា : ភាគីខ្លួនបាននឹងកំពុងសហប្រតិបត្តិការនិងចុះអនុស្សរណ:យោគយល់គ្នា(MoU) ជាមួយដៃគូមានសាកលវិទ្យាល័យ និងម្ចាស់ជំនួយនានាដើម្បីបង្កើតវគ្គបណ្តុះបណ្តាលរយ:ពេលខ្លីនិងមធ្យមដល់អ្នកសារព័ត៌មាននៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) និងទូទៅ ហើយចេញវិញ្ញាបនបត្រនិងសញ្ញាប័ត្រដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

លោកបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង អគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បានថ្លែងថា: អ្នកសារព័ត៌មានគប្បីស្គាល់តួនាទី ភារកិច្ចរបស់ខ្លួន ហើយមានទស្សនវិស័យ(Vision)និងបេសកកម្ម(Mission) ច្បាស់លាស់ក្នុងការបំពេញការងារដើម្បីបម្រើសារធារណជនដែលជាអ្នកអាន អ្នកស្តាប់ អ្នកទស្សនារបស់ខ្លួន។

ក្នុងនោះ ប្រជាជាតិអាស៊ីភាគអគ្នេយ៍ឬអាស៊ាន ទាំងផ្នែករដ្ឋាភិបាល ផ្នែកសង្គមស៊ីវិលនិងផ្នែកឯកជន អ្នកសារព័ត៌មានគួរតែបន្តបំពេញតួនាទីផ្តល់ព័ត៌មានពិត មិនលំអៀង មិនរើសអើង មិនបង្កផលប៉ះពាល់ ពោលគឺប្រៀបបាននឹងស្ពានមិត្តភាព សាមគ្គីភាព សន្តិភាពរវាងផ្នែកទាំង៣ និងរវាងប្រជាជាតិនានាក្នុងអាស៊ាន គឺត្រូវនាំមកនូវព័ត៌មានក្នុងន័យស្ថាបនា និងផ្តល់តម្លៃដល់គ្រប់ភាគី គ្រប់និន្នាការនិងប្រជាជាតិនានាអោយអាចទទួលយកបាន ។

សូមបញ្ជាក់ថា នាឱកាសនោះ ក៏មានប្រកាសទទួលស្គាល់នូវសមាជិកគណ:កម្មាធិការនិងទីប្រឹក្សាថ្មីមួយចំនួនរបស់សហព័ន្ធផងដែរ ៕