ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែត កម្ពុជានិងស្រុកអារញ្ញប្រាថេត ថៃបន្តរឹតចំណងសម្ព័ន្ធមេត្រីភាពអ្នកជិតខាងជាប់ព្រំដែន

ដោយ : បន្ទាយ
ស្រះកែវ -ថៃ ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានដឹកនាំប្រតិភូមន្ត្រីរាជការកងកម្លាំងចំណុះឲ្យរដ្ឋបាលក្រុងទៅជួបប្រជុំជាមួយនឹង អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ បានជួបប្រជុំគ្នានៅសាលាស្រុកអារញ្ញប្រាថេត ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការ ពង្រឹងការងារ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

មន្ត្រីបាននិយាយកាលពីថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៤ ថា នេះជាការប្រជុំឆ្លាស់វេនធ្វើម្ចាស់ផ្ទះប្រចាំឆ្នាំ ។

ដើម្បីរឹតចំណងមិត្តភាព រវាងអាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ នៃប្រទេសទាំង២ កម្ពុជា-ថៃ នៅតាមខែ្សបន្ទាត់ព្រំដែនអោយកាន់តែស្អិតល្មួតខ្លាំងឡើងៗ ហើយនិងរួមគ្នា ជួយទប់ស្កាត់នូវបទល្មើសឆ្លងដែន ចោរកម្ម ដូចជាការជួញដូរគ្រឿងញៀន ការប្រយុទ្ធប្រឆាំងជំងឺឆ្លង លើកយកដោះស្រាយបញ្ហាប្រឈមផ្សេងរួមគ្នាឲ្យកាន់តែមានប្រសិទ្ធភាព។

លោក គាត ហ៊ុល ក៏បានស្នើសុំឲ្យភាគីថៃជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ដែលត្រូវសង្គ្រោះបន្ទាន់ ដែលត្រូវចូលទៅព្យាបាលជំងឺនៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកសុំអនុញ្ញាតដឹកអ្នកជំងឺចូលទៅមុនសិន សឹមចាំរត់ឯកសារជាក្រោយឬអ្នកជំងឺចូល តែជំពាក់ឯកសារដើម្បីអាចសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា។

បន្ទាប់ពីប្រជុំរួច អាជ្ញាធរស្រុក/ក្រុងទាំងពីរភាគី ក៏បានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពនិងពិសាអាហាររួមគ្នាដូចសព្វមួយដង៕