អន្តរជាតិ

រុស្ស៊ីវាយលុកភាគខាងកើតPokrovskរបស់អ៊ុយក្រែនបង្ខំឲ្យពលរដ្ឋស៊ីវិលចាកចេញតែមានឪពុកម្តាយខ្លះបានលាក់កូនចៅមិនឲ្យចាកចេញ

ប្រែសម្រួល៖ ស-សម្បត្តិ
អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានកត់សម្គាល់ថាមានឪពុកម្តាយខ្លះកំពុងលាក់កូនពីអាជ្ញាធរដើម្បីជៀសវាងពីការជម្លៀសចេញជាកាតព្វកិច្ចពីតំបន់ដែលមានសង្រ្គាមនៅជុំវិញភាគខាងកើតទីក្រុង Pokrovsk ដែលកងកម្លាំងរុស្ស៊ីកំពុងវាយលុក។

សហគមន៍នៅជុំវិញទីក្រុង Pokrovsk ភាគខាងកើតអ៊ុយក្រែន កំពុងត្រូវបានបង្ខំឲ្យជម្លៀសពលរដ្ឋស៊ីវិលនៅក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ខណៈដែលកងកម្លាំងរុស្ស៊ីបានវាយរុលទៅមុខមានសន្ទុះដ៏លឿនបំផុត។ ព្រឹត្តិការណ៍នេះកើតឡើងស្របគ្នានឹងការលុកលុយរបស់យោធាអ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ី។

កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានអះអាងថា ខ្លួនបានរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែនវាយទម្លុះព្រំដែនមួយផ្សេងទៀតនៅតំបន់ Bryansk ខណៈដែលការលុកលុយរបស់អ៊ុយក្រែននៅបន្តឈានទៅមុខនៅក្នុងតំបន់ Kurskនៃទឹកដីរុស្សី។

ចំណែក Yurii Tretiak មេបញ្ជាការយោធាអ៊ុយក្រែននៅក្នុងទីក្រុង Myrnohradបានណែនាំថា “កុំរង់ចាំរហូតដល់ទ័ពរុស្សីមកដល់វានឹងមិនប្រសើរទេស្ថានការណ៍នេះវានឹងកាន់តែអាក្រក់ទៅៗហើយដែលពលរដ្ឋស៊ីវិលត្រូវតែចាកចេញ” នេះគឺជាការព្រមានយ៉ាងម៉ឺងម៉ាត់របស់គាត់ដែលឥឡូវនេះទ័ពរុស្សីស្ថិតនៅចម្ងាយជិត៤.៨ គីឡូម៉ែត្រ ពីជួរមុខ។

គ្រួសារដែលមានកុមារជាគោលដៅចម្បងនឹងត្រូវជម្លៀសមុនគេរួមទាំងអ្នកស្រុកមួយចំនួនក្នុងតំបន់ Donetsk និង Pokrovsk ផងដែរ។

ប៉ុន្តែលោក Tretiak បាននិយាយថា មនុស្សជាច្រើននៅតែស្ទាក់ស្ទើរក្នុងការចាកចេញហើយលាក់កូនចៅរបស់ពួកគេពីភ្នែកអាជ្ញាធរមូលដ្ឋាន។

“យើងមានករណីដែលឪពុកម្តាយខ្លះកំពុងលាក់កូនៗរបស់ពួកគេ ហើយថ្ងៃនេះយើងនឹងប្រជុំជាមួយប៉ូលិស ដើម្បីពិភាក្សាអំពីវិធានការចាំបាច់ថាតើយើងនឹងស្រាវជ្រាវរកព័ត៌មានពិតប្រាកដថាក្មេងៗដែលត្រូវឪពុកម្តាយយកទៅលាក់បែបនេះតាំងពីពេលណាហើយនៅកន្លែងណាខ្លះ”។ គ្រោះថ្នាក់កំពុងកើតឡើងជាមួយនឹងតំបន់មួយចំនួននៃទីក្រុង Donetsk និង Pokrovsk ដែលកំពុងប្រឈមនឹងការវាយប្រហាររបស់កងទ័ពរុស្សីជាប្រចាំថ្ងៃ។

លោកបានបន្តថា “ពលរដ្ឋដែលស្ទាក់ស្ទើរក្នុងការចាកចេញកាលពីមួយសប្តាហ៍មុន ភាគច្រើនបានសម្រេចចិត្តចាកចេញ ហើយឥឡូវនេះពួកគេកំពុងតែចាកចេញ” លោកបានធ្វើការកត់សម្គាល់ថាមានអ្នកស្រុកជិត ៥៩០០០ នាក់នៅក្នុងសហគមន៍ជុំវិញទីក្រុង Pokrovsk និងទីក្រុង Myrnohrad និង ភូមិជុំវិញចំនួន៣៩។ រដ្ឋបាលក្រុង Pokrovsk និងទីក្រុង Myrnohrad បាននិយាយថា មនុស្សប្រហែល ៦០០ ទៅ ៧០០ នាក់ត្រូវបានជម្លៀសចេញជារៀងរាល់ថ្ងៃ។

លោក Tretiak បាននិយាយនៅក្នុងបទសម្ភាសតាមវិទ្យុកាលពីថ្ងៃអង្គារថា “សត្រូវកំពុងវាយរុលទៅមុខយ៉ាងលឿនជាងការរំពឹងទុកដូច្នេះ យើងកំពុងព្យាយាមធ្វើឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជម្លៀសពលរដ្ឋចេញឲ្យអស់នៅក្នុងចុងសប្តាហ៍នេះ”។

Pokrovsk មានមនុស្សត្រឹមតែប្រហែល ៦០,០០០ នាក់ដែលបានរស់នៅទីនោះមុនសង្រ្គាម ហើយមនុស្សជាច្រើនបានចាកចេញចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ វាជាមូលដ្ឋានដ៏សំខាន់សម្រាប់យោធាអ៊ុយក្រែន ដោយសារវាងាយស្រួលចូលទៅកាន់Kostiantynivka ដែលជាមូលដ្ឋានយោធាមួយផ្សេងទៀត។

កងទ័ពអ៊ុយក្រែនប្រើប្រាស់ផ្លូវតភ្ជាប់រវាងតំបន់ទាំងពីរ ដើម្បីផ្គត់ផ្គង់ជួរមុខឡើងវិញ និងជម្លៀសអ្នកស្លាប់ និងរបួសទៅកាន់ទីក្រុង Dnipro ។

ការជម្លៀសនេះកើតឡើងនៅពេលដែលកងកម្លាំងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា Pokrovsk ឥឡូវនេះគឺជា “សមរភូមិក្តៅបំផុត” ។ “ស្ថានភាពនៅ Pokrovsk នៅតែតានតឹងកងទ័ពអ៊ុយក្រែនរងការវាយប្រហារចំនួន ១១ លើក ហើយការប្រយុទ្ធនៅតែបន្តនៅក្នុងទីតាំងចំនួន ៤”។

ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានអះអាងថារុស្ស៊ីបានកាន់កាប់ភូមិ Mezhove ភាគខាងកើតអ៊ុយក្រែន ដែលជាផ្នែកមួយនៃការវាយលុកដែលកំពុងបន្តនៅក្នុងតំបន់ទាំងនោះ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា អង្គភាពមកពីក្រុមមជ្ឈិមនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយដណ្តើមកាន់កាប់ក្រុង Mezhove នៅក្នុងតំបន់ Donetsk ។ យោធាអ៊ុយក្រែននៅមិនទាន់បានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៅក្នុងភូមិនេះនៅឡើយនោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនកំពុងត្រូវបានពង្រឹងនៅក្នុងតំបន់ភាគខាងកើត ដើម្បីទប់ទល់នឹងការវាយលុកដ៏មានសក្តានុពលរបស់រុស្ស៊ី។នៅក្នុងសុន្ទរកថានៅពេលយប់របស់គាត់ Zelensky បានថ្លែងថា ” យើងយល់ពីចលនារបស់កងទ័ពសត្រូវនៅជុំវិញក្រុង Pokrovsk និងតំបន់ Donetsk របស់យើងហើយយើងកំពុងពង្រឹងកម្លាំងឡើងវិញ។

• រុស្ស៊ីអះអាងអំពីការប៉ុនប៉ងលុកលុយរបស់អ៊ុយក្រែន

ទន្ទឹមនឹងស្ថានការណ៍នៅជុំវិញក្រុង Pokrovsk និងតំបន់ Donetsk នោះរុស្សើបានអះអាងថាកងទ័ពរុស្ស៊ីបានវាយបកការប៉ុនប៉ងលុកលុយរបស់អ៊ុយក្រែនចូលក្នុងតំបន់ស្រុក Klimovsky នៃតំបន់ Bryansk ក្បែរព្រំដែនមួយផ្សេងទៀតពីតំបន់តំបន់ Kursk នេះជាសម្តីរបស់អភិបាលស្រុករុស្ស៊ីKlimovsky នៃតំបន់ Bryansk ដែលបាននិយាយដូច្នេះកាលពីថ្ងៃពុធ។

លោកអភិបាល Alexander Bogomaz បាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ថា “នៅថ្ងៃទី ២១ ខែសីហា ការប៉ុនប៉ងដើម្បីជ្រៀតចូលស្រុក Klimovsky នៃតំបន់ Bryanskរបស់យោធាអ៊ុយក្រែនត្រូវបានបញ្ឈប់ទាំងស្រុង” ។

លោក Bogomaz បានអះអាងថា កងកម្លាំងមកពីអង្គភាពយោធានៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានវាយបកការប៉ុនប៉ងរបស់យោធាអ៊ុយក្រែន ហើយឥឡូវនេះតំបន់ទាំងនោះមានស្ថិរភាពឡើងវិញនិងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធររុស្ស៊ីទាំងស្រុង។

យោធាអ៊ុយក្រែនមិនទាន់បានធ្វើអត្ថាធិប្បាយលើការអះអាងរបស់លោក Bogomaz នោះទេ។

កន្លងមកអ៊ុយក្រែនបានកំណត់គោលដៅក្នុងតំបន់ Bryansk ក្នុងប្រតិបត្តិការដែលបានចាប់ផ្តើមចាប់តាំងពីការលុកលុយចូលប្រទេសរុស្ស៊ីកាលពីជាងពីរសប្តាហ៍មុន៕