អន្តរជាតិ

អាជ្ញាធររុស្ស៊ីភ័យខ្លាចដល់ថ្នាក់ហាមពលរដ្ឋ,ទាហាន,ប៉ូលិស,ឲ្យឈប់ប្រើកម្មវិធីតាមប្រព័ន្ធAPPSដើម្បីហេតុផលសន្តិសុខ

ប្រែសម្រួល៖រតនា

កាលពីថ្ងៃអង្គារទី២០សីហា ក្រសួងមហាផ្ទៃរុស្ស៊ីបានចេញសេចក្តីណែនាំដល់ពលរដ្ឋនៅតាមព្រំដែនឲ្យឈប់ប្រើប្រាស់កម្មវិធីស្វែងរកគូស្នេហ៍តាមប្រព័ន្ធ APPS រួមទាំងដាក់កម្រិតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពលរដ្ឋ ដើម្បីរារាំងនិងទប់ស្កាត់ប្រព័ន្ធស៊ើបការណ៍របស់យោធាអ៊ុយក្រែននៅក្នុងខណៈពេលដែលយោធាអ៊ុយក្រែនកំពុងបន្តការលុកលុយនៅក្នុងតំបន់ Kursk ។

អាជ្ញាធររុស្សីបានហាមអ្នកស្រុកនៅក្នុងតំបន់ Bryansk, Kursk និង Belgorod ក៏ដូចជាបុគ្គលិកយោធា និងប៉ូលិសដែលឈរជើងនៅក្នុងតំបន់នោះមិនឲ្យប្រើប្រាស់ “សេវាកម្មតាមអ៊ីនធឺណិតក្នុងកម្មវិធីស្វែងរកគូស្នេហ៍តាមប្រព័ន្ធ APPS” ហើយមិនត្រូវបង្ហោះវីដេអូបង្ហាញពីទីតាំងផ្ទាល់ខ្លួនឬទីតាំងដែលជាចំណុចរសើបពាក់ព័ន្ធនឹងសុវត្ថិភាពសន្តិសុខ។

ក្រសួងមហាផ្ទៃរុស្ស៊ីបានបង្ហោះសារលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួនថា “សត្រូវប្រមូលផ្តុំព័ត៌មានតាមរយ:ការប្រើប្រាស់អ៊ីនធឺណិតរបស់យើង” ។ អាជ្ញាធររុស្សីក៏បានព្រមានពលរដ្ឋខ្លួនថា កងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមភ្ជាប់បណ្តាញ “កាមេរ៉ា CCTV ដែលមើលឃើញអ្វីគ្រប់យ៉ាងពីចម្ងាយរហូតដល់ផ្លូវថ្នល់ និងផ្លូវហាយវេយុទ្ធសាស្ត្រ”។

ទាំងទាហាន និងប៉ូលិសត្រូវបានណែនាំឲ្យលុបស្លាកសញ្ញាភូមិសាស្ត្រទាំងអស់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ដោយសារ “សត្រូវតាមដានបណ្តាញតាមរយ:ទិន្ន័យដែលប្រមូលបានជាក់ស្តែងដែលបានបង្ហាញពីទីតាំងយោធា”។

ការវាយលុករបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk បានធ្វើឲ្យរុស្ស៊ីខិតខំវាយដណ្តើមយកវិញ។ កាលពីថ្ងៃអង្គារ Oleksandr Syrskyi ប្រមុខយោធាអ៊ុយក្រែន បានថ្លែងថា កងទ័ពអ៊ុយក្រែនបានវាយរុលទៅមុខបានចម្ងាយ ៣៥ គីឡូម៉ែត្រដោយដណ្តើមបាន៩៣មណ្ឌលតាំងទីលំនៅ។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានបង្ហោះសារនៅលើ Telegram កាលពីថ្ងៃចន្ទថា អ្នកស្រុក Kursk ជាង ១២១.០០០ នាក់ត្រូវបានជម្លៀសចេញពីភូមិ។ប្រតិបត្តិការរបស់អ៊ុយក្រែនក៏បានកំណត់គោលដៅតំបន់ Bryansk និង Belgorod ផងដែរ។ ទន្ទឹមនឹងនេះភ្នាក់ងារស៊ើបការណ៍ហៅថា “Five Eyesរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត” របស់ខ្លួន ដូចជា អូស្ត្រាលី កាណាដា នូវែលសេឡង់ និងចក្រភអង់គ្លេស បានព្រមានកាលពីឆ្នាំមុនថា ពួក Hacker យោធារុស្ស៊ីបាននិងកំពុងកំណត់គោលដៅលើឧបករណ៍ចល័តរបស់ទាហានអ៊ុយក្រែនក្នុងគោលបំណងលួចព័ត៌មានក្នុងសមរភូមិ។

តាមបទពិសោធន៏កន្លងមកដូចជាលោក Stanislav Rzhitsky មេបញ្ជាការនាវាមុជទឹករុស្ស៊ីដែលមានកេរ្តិ៍ឈ្មោះល្បីត្រូវបានឃាតកលួចបាញ់សម្លាប់នៅក្នុងពេលដែលគាត់កំពុងរត់ហាត់ប្រាណកាលពីឆ្នាំ ២០២៣ ដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថាគាត់ប្រហែលជាត្រូវបានសត្រូវកំណត់គោលដៅវាយប្រហារដោយតាមដានគាត់នៅលើប្រព័ន្ធ Strava ដែលជាកម្មវិធីមួយកំពុងដំណើរការដ៏ពេញនិយមបំផុត។

Stanislav Rzhitsky ប្រើឈ្មោះរបស់គាត់លើប្រព័ន្ធ Strava ដើម្បីរត់និងជិះកង់របស់គាត់តាមការណែនាំផ្លូវក្នុងប្រព័ន្ធ Strava ។ គាត់ត្រូវបានឃាតកររកឃើញតាមរយ:ប្រព័ន្ធ Strava ហើយបានបាញ់សម្លាប់នៅពេលគាត់កំពុងរត់ហាត់ប្រាណ។

កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា សភាជាន់ទាបរបស់ប្រទេសនេះ បានស្នើដាក់ទណ្ឌកម្មទាហានរុស្ស៊ីណា ដែលត្រូវចាប់បានពីបទប្រើទូរសព្ទស្មាតហ្វូន ពេលកំពុងប្រយុទ្ធជាមួយអ៊ុយក្រែន។ សមាជិកសភាបានស្នើថា ការយកទូរសព្ទដៃដែលភ្ជាប់អ៊ីនធឺណិត ដែលអាចជួយកំណត់អត្តសញ្ញាណទាហានរុស្ស៊ី ឬទីតាំងនៃកងកម្លាំង គួរតែត្រូវបានចាត់ទុកថាជា “បទល្មើសធ្ងន់ធ្ងរ” ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ថ្ងៃបើមានបទល្មើសច្រើនជាងនេះគឺអាចដាក់ពន្ធនាគាររហូតដល់ ១៥ ថ្ងៃ។

ច្បាប់នេះនឹងហាមឃាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងទៀតសម្រាប់ “គោលបំណងគ្រួសារ” ដែលមិនអនុញ្ញាតឲ្យមានការថតវីដេអូឬថតសំឡេង និងការបញ្ជូនទិន្នន័យពីទីតាំងភូមិសាស្ត្រផងដែរ។

បញ្ហាទាំងងនេះវាមិនត្រឹមតែកើតមានចំពោះតែរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេគឺរួមទាំងក្រសួងការពារជាតិអាមេរិកក៏បានហាមឃាត់បុគ្គលិកយោធារបស់ខ្លួនពីការប្រើប្រាស់មុខងារទីតាំងភូមិសាស្ត្រចាប់តាំងបីឆ្នាំ ២០១៨ បន្ទាប់ពីមានលេចធ្លាយថាប្រព័ន្ធ Strava និងកម្មវិធីតាមដានផ្សេងទៀតអាចបង្កហានិភ័យផ្នែកសន្តិសុខសម្រាប់កងកម្លាំងរបស់ខ្លួន។កម្មវិធីនេះបានបង្កើតចេញជាផែនទីអន្តរកម្មដែលបង្ហាញនូវចំណុចស្នូលនិងទិន្នន័យនៃសកម្មភាពនានាចំនួន ១ ពាន់លានដងដែលត្រូវបានគេយកមកផ្សព្វផ្សាយជាសាធារណៈដោយអ្នកប្រើប្រាស់ដោយអចេតនាដូចជាបានបង្ហាញពីទីតាំងនៃមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសនានាជុំវិញពិភពលោក៕/