ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនមកពីស្រុកនិងឃុំទាំង១៣ឃុំចំនួន១.០០០ប្លាយនាក់និងមកពីក្រុងនិងសង្កាត់ទាំង៧នៃក្រុងសិរីសោភ័ណ ជិត១.០០០នាក់បានទទួលនូវការសំណេះសំណាលស្តីពីបច្ចុប្បន្នភាពការវិវត្តន៍ថ្មីស្ថានការណ៍នយោបាយ ដើម្បីឲ្យជឿជាក់តែលើរាជរដ្ឋាភិបាល កុំជឿប្រភពផ្សេង ពិសេសគឺធ្វើការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍( CLV DTA) ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រុង ឃុំសង្កាត់។
លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលនៃគណៈខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីកាលពីថ្ងៃទី១៩និង២០ខែសីហា ឆ្នាំ២០២៤ ដោយក្រុងសិរីសោភ័ណធ្វើនៅសាលប្រជុំធំសាលាខេត្តនិងស្រុកមង្គលបូរីធ្វើនៅនៅផ្សារបូរីជ័យ២ ហៅផ្សារចម្ការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងចុះជួបសំណេះសំណាលដើម្បីធ្វើការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍( CLV DTA) នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឡើងរាយការណ៍ដឹងថា: ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធ្វើឲ្យប្រទេសកម្ពុជាបន្តបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យបន្ថែមទៀត ។
ក្នុងនោះ ការងារសន្តិសុខ សណ្ដាប់ធ្នាប់ គឺមានលក្ខណៈល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្នុងការជំរុញនូវការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព មានការថយចុះ និងបង្ក្រាបបានទាន់ពេលវេលា។
នាឱកាសនោះ លោម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោតសរសើរដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ដែលបានចូលរួមគាំទ្រនូវគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ( CLV DTA) របស់រាជរដ្ឋាភិបាលកម្ពុជា ។
បើតាមមន្ត្រីខាងលើថា គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ មានកម្ពុជា ឡាវ និងវៀតណាម ( CLV DTA) បានធ្វើឲ្យជួយកាត់បន្ថយការជួញដូរមនុស្ស កាត់បន្ថយការជួញដូរគ្រឿងញៀន និងប្រែក្លាយធ្វើឲ្យប្រទេសទាំងបី មានសេដ្ឋកិច្ចរីកចម្រើនជាងពេលមុនៗ ហើយគម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។
លោកបានធ្វើការផ្ដាំផ្ញើដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅពេលនេះ សូមបន្តផ្សព្វផ្សាយទៅតាមមូលដ្ឋានឲ្យបានទូលំទូលាយឲ្យជឿតែលើរាជរដ្ឋាភិបាលពីប្រធានបទនេះ។ កុំជឿលើអ្នកផ្សេង កុំជឿតាមការញុះញង់ណាដែលបង្កចលាចលបំផ្លាញនូវសមិទ្ធផលនិងបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕