អន្តរជាតិ

កងទ័ពកាសអាមេរិក និងទ័ពអាកាសរបស់កូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធដែនអាកាសរួមគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង

ប្រែសម្រួល៖ស-សម្បត្តិ
យន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជាង ២០០គ្រឿងបានចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាកាលពីថ្ងៃចន្ទក្នុងរយៈពេល ៥ថ្ងៃនៅក្នុងសប្តាហ៍នេះ វាជាសមយុទ្ធដែនអាកាសដ៏ធំបំផុតមួយដែលមានយន្តហោះចម្បាំងចូលរួមរាប់រយគ្រឿងនៅក្នុងការហោះហើរហ្វឹកហ្វឺនដោយកងកម្លាំងសម្ព័ន្ធមិត្តទាំងពីរប្រទេសរួមគ្នា។

សមយុទ្ធដែនអាកាសនេះគឺជាផ្នែកមួយនៃសមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដើម្បីជំរុញការត្រៀមខ្លួនរួមគ្នារបស់យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ប្រទេសកូរ៉េខាងជើង។

យន្តហោះដែលមានបេសកកម្មហោះហើរល្បាតការពារកំពុងត្រូវបានបង្វែរឲ្យទៅចូលរួមក្នុងសមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំ។

កងទ័ពអាកាសកូរ៉េខាងត្បូងបាននិយាយថា យន្តហោះចម្បាំងអាមេរិកពីរគ្រឿងដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងកំពុងចូលរួមផងដែរ។ សហរដ្ឋអាមេរិកបានដាក់កងទ័ពចំនួន ២៨.៥០០ នៅកូរ៉េខាងត្បូងសម្រាប់ការការពាររួមគ្នាប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

កូរ៉េខាងជើងតែងតែថ្កោលទោសការធ្វើសមយុទ្ធ Ulchi Freedom Shieldប្រចាំឆ្នាំរបស់កូរ៉េខាងត្បូងនិងអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី ២៩ ខែសីហា ដោយចោទថាសមយុទ្ធនេះជាការបង្កភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងបានចាត់ទុកថាជាសមយុទ្ធសម្រាប់សង្គ្រាមនុយក្លេអ៊ែរ។

ខណៈពេលដែលកូរ៉េខាងជើងកំពុងព្យាយាមធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួននោះ កូរ៉េខាងជើងក៏កំពុងប្រឈមនឹងបញ្ហានាំចូលយន្តហោះចម្បាំងស៊េរីថ្មីដែលកន្លងមកគឺពឹងផ្អែកភាគច្រើនទៅលើយន្តហោះចម្បាំងសេរីចាស់ៗដូចជាយន្តហោះ MiG ចាស់ៗរបស់សូវៀតមួយចំនួនដែលត្រូវបានប្រើនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។

ក្រុងព្យុងយ៉ាងបានបង្កើនសមត្ថភាពធ្វើសង្គ្រាមជាយុទ្ធសាស្ត្ររបស់ខ្លួនដោយរំពឹងទៅលើមីស៊ីលរយៈចម្ងាយខ្លី និងកាំភ្លើងធំធុនធ្ងន់សម្រាប់វាយប្រហារលើភាគខាងត្បូង បន្ទាប់ពីមានការបំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយរបស់ខ្លួន៕