កម្សាន្ដ

ពុំគួរមើលរំលងដំណាក់ស្តេចនៅខេត្តស្ទឹងត្រែង

ដោយ៖ សុខុម
ស្ទឹងត្រែង៖ សំណង់ប្រវត្តិសាស្រ្តរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុ បន្សល់ទុកមកដល់សព្វថ្ងៃនេះភ្ញៀវទេសចរពុំគួរមើលរំលងពេលមកលេងខេត្តស្ទឹងត្រែង។

សំណង់នេះអាចជាកន្លែងអ្នកចូលចិត្តថតរូបភាពទុកជាអនុស្សាវរីយ៍ ហើយក៏ជាកន្លែងសម្រាប់អ្នកសិក្សាឈ្វេងយល់ផងដែរ។

ទាក់ទងទៅនឹងសំណង់មួយនេះភ្ញៀវតិចណាស់ដែលបានស្គាល់និងមានការចាប់អារម្មណ៍។ប៉ុន្តែអ្នកខេត្តស្ទឹងត្រែងភាគច្រើនបានស្គាល់ពីព្រះរាជដំណាក់ស្ដេចយ៉ាងច្បាស់។

ពីមុនដំណាក់ស្តេចគឺជាកន្លែងគេបោះបង់ចោល ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមបន្សល់ស្នាមគ្រាប់ខ្ទេចខ្ទាំយូរឆ្នាំមកហើយ។

ក្រោយមកក្រសួងព្រះបរមរាជវាំង បានរៀបចំជួសជុល និងអភិរក្ស។គេឃើញមានរបងព័ទ្ធជុំវិញព្រះរាជដំណាក់ ដែលមានទីតាំងក្បែរមាត់ទន្លេសេកុងភាគខាងលិចក្រុងស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។

ការរៀបចំព្រះរាជដំណាក់ឡើងវិញ បានធ្វើឱ្យមហាជនក្នុងខេត្តស្ទឹងត្រែងអបអរសាទរ ព្រោះកន្លែងដែលគេបោះបង់ចោលបានប្រែក្លាយទៅជាទីកន្លែងទាក់ទាញទេសចរ។

ក្រសួងព្រះបរមរាជវាំងក៏បានរៀបចំឱ្យទៅជាសារមន្ទីរមួយអាចឱ្យមហាជនចូលទស្សនាបាន ពិសេសគឺភ្ញៀវទេសចរបរទេស។

មានការលើកឡើងថា ដំណាក់ស្ដេចមួយនេះក្រោយពីរៀបចំឲ្យទៅជាសារមន្ទីរហើយនោះ បើរៀបចំឱ្យប្រសើរជាងនេះទៅទៀតមនុស្សស្គាល់កាន់តែច្រើន។ភ្ញៀវមកលេងខេត្តស្ទឹងត្រែងក៏កាន់តែមានការចាប់អារម្មណ៍៕