កម្សាន្ដ

នាំអ្នកកាសែតទៅទស្សនាតំបន់ធុងអាគុយកម្ពុជានិងតំបន់ទេសចរណ៍ព្រហ្មចារីយ៍ភាគនិរតីប្រទេស

ដោយ : បន្ទាយ

ពោធិ៍សាត់៖ ទូកបានដឹកក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពី៣៧ស្ថាប័ន ជិះទូកទស្សនាលើដងស្ទឹងឆាយលូក ស្ថិតនៅឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា(CCJ) កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានទស្សនាស្ទឹងឆាយលូក គឺជាទីតាំងមួយសម្រាប់ស្តុកទឹកបម្រើទំនប់វារីអគ្គិសនី ដែលត្រូវបានប្រសិទ្ធនាមថាជាធុងអាគុយរបស់កម្ពុជា។

ឃុំ អូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ការទេសចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗផងដែរ។ពីអតីតកាលឃុំអូរសោម ដើមឡើយមានជនជាតិដើមភាគតិចស្អូចរស់នៅត្រង់នេះបន្តិចត្រង់នោះបន្តិច។

លុះដល់សម័យអភិវឌ្ឍន៍នេះ ទើបមានពលរដ្ឋពីភូមិឃុំ ស្រុកក្នុងនិងក្រៅខេត្តឬអ្នកធ្វើចំណាកស្រុកបានលើកគ្នាទៅរស់នៅនិងប្រកបរបររកស៊ីច្រើននៅទីនោះ ។

សម្រាប់ខេត្តពោធិ៍សាត់មានផ្លូវជាតិ៣ខ្សែឆ្លងកាត់គឺផ្លូវជាតិលេខ៥(ឆ្លងកាត់ភូមិសាស្ត្រខេត្តជាង៩០គីឡូម៉ែត្រ)។ បន្ទាប់ពីផ្លូវជាតិលេខ៥៥(អតីតផ្លូវលេខ៥៦ ដែលឥឡូវផ្លូវជាតិលេខ៥៦ ស្ថិតនៅខេត្តបន្ទាយមានជ័យវិញ)មានប្រវែង១៨៧គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៥ត្រង់ភូមិស្វាយអាត់និងបូជនីយដ្ឋានអ្នតាឃ្លាំងមឿង ក្រុងពោធិ៍សាត់ ទៅកាន់ថ្មដាព្រំដែនកម្ពុជា ថៃ ដោយកាត់វាលស្រែ ចម្ការនៃក្រុងពោធិ៍សាត់និងស្រុកតាលោសែនជ័យ ហើយជួរភ្នំក្រវាញនៃស្រុកភ្នំក្រវាញនិងស្រុកវាលវែង ហើយបច្ចុប្បន្នកំពុងសាងសង់ផ្លូវជាតិលេខ១០មួយខ្សែទៀតប្រវែងជិត២០០គីឡូម៉ែត្រ ពីស្រុកសំឡូតខេត្តបាត់ដំបង ឆ្លងកាត់ឃុំនានានៃស្រុកវាលវែងឆ្ពោះទៅខេត្តកោះកុងដែលនឹងរួចរាល់នៅពេលខាងមុខ ។

សូមរំលឹកថា កាលពីថ្ងៃទី៩ខែមីនា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ៥៥និងប្រកាសចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០នេះ ដំណាលគ្នាតែម្តង។

ផ្លូវជាតិលេខ៥ ស្ថាបនានិងលើកកម្រិតផ្លូវដោយប្រើហិរញ្ញប្បទានដំបូងរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអនុ្តរជាតិ ជប៉ុនហៅកាត់ថា ចាយកា(JICA) ។ឯផ្លូវជាតិលេខ៥៥និងលេខ១០ សាងសង់ក្រោមហិរញ្ញប្បទាននៃរដ្ឋាភិបាលចិន ។

ផ្លូវជាតិលេខ១០ មានប្រវែងជិត២០០គីឡូម៉ែត្រនេះគ្រោងចំណាយថវិកាជិត ២០០លានដុល្លារស.រ.អា ប្រើពេលសាងសង់រយៈពេលជាង៣ឆ្នាំ ។គិតត្រឹមខែសីហាឆ្នាំ២០២៤ នេះ ការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។តែបច្ចុប្បន្ន តាមរយៈផ្លូវមួយខ្សែនេះ គេអាចធ្វើដំណើរទៅដល់ទឹកដីទេសចរណ៍ធម្មជាតិ ធម្មជាតិព្រហ្មចារីយ៍ដ៏ស្រស់បំព្រងនៃឃុំអូរសោម ដោយមិនលំបាកដូចមុនទៀត់ដែរ។

ការស្រូបទាញបានអ្នកទេសចរ និងសម្រួលដល់ការរកទីផ្សារសម្រាប់កសិផល ក្រោយមានផ្លូវជាតិលេខ១០ ក៏បានជួយកែប្រែជីវភាពរបស់ប្រជាពលរដ្ឋនៅឃុំអូរសោម ឱ្យបានល្អប្រសើរជាងមុនផងដែរ។

ឃុំអូរសោម ជាម្ចាស់ភូមិសាស្ត្រទំនប់វារីអគ្គិសនីដ៏ធំទី១ គឺទំនប់វារីអគ្គិសនីអាតៃ ហើយនៅខាងត្បូងឈៀងខាងកើតនោះគឺទំនប់វារីធំទី២ ហៅអាតៃនាស្ទឹងអូរឫស្សីក្រោមក្នុងភូមិសាស្ត្រថ្មបាំងខេត្តកោះកុង ។ ភូមិសាស្ត្រនោះក៏មានអគ្គិសនីប្រើប្រាស់ដែរហើយ ។

ថាមពលដែលផលិតបានពីទំនប់វារីអគ្គិសនីទាំងត្រូវបានក្រុមហ៊ុនរដ្ឋចិនស៊ីណូ ហៃដ្រូ(SINO Hydroelectric ) បញ្ជូនចេញមកតាមខ្សែបញ្ជូនតង់ស្យុងខ្ពស់៣២០គីឡូវ៉ុលតែមួយរួមគ្នាដោយបែងចែកទៅរាជធានីភ្នំពេញនិងខេត្តបាត់ដំបងសម្រាប់ទម្លាក់អោយអគ្គិសនីកម្ពុជា(EDC) ធ្វើការបែងចែកដល់តម្រូវថាមពលក្នុងគោលដៅគ្របដណ្តប់ ពោលគឺជាធុងអាគុយដ៏ធំនិងសំខាន់របស់ប្រទេសកម្ពុជា ។

មិនមែនតែរីកមុខរីកមាត់ជាមួយផ្លូវជាតិលេខ១០ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈប្រែក្លាយអូរសោមឱ្យកាន់តែស្រស់បំព្រងនោះ អាជ្ញាធរក៏បានតបណ្តាញ ចំពោះឃុំអូរសោមនិងឃុំឯទៀតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់អគ្គិសនី រៀបចំប្រព័ន្ធទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋនិងផ្តល់សេវាស្នាក់នៅដល់អ្នកទេសចរ។

បើតាមលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានប្រាប់ក្រុមអ្នកកាសែតទាំងនោះថា : តំបន់ទេសចរណ៍ដែលល្បីល្បាញជាងគេនៅបណ្តោយផ្លូវជាតិលេខ៥៥ វិញគឺបុប្ផាលាក់ខ្លួនឬផ្លូវអន្ទង់អាំងនៃភ្នំ១៥០០ នាឃុំអន្លង់រាប និងទឹកជ្រៅខ្ពង់រាបភ្នំនៅក្នុងឃុំនេះ នៅឃុំថ្មដានៃស្រុកវាលវែង ដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន។

ក្រៅពីនោះ ខេត្តនេះក៏មានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ សក្ការ: តំបន់រមណីយដ្ឋានទេសចរណ៍កែច្នៃជាច្រើនទៀតនៅស្ទើរគ្រប់ស្រុក ក្រុងនៃខេត្ត ។

លោកក៏ឆ្លៀតជូនក្រុមអ្នកកាសែតទៅទស្សនានិងយកព័ត៌មាននៅតំបន់ធារារាស្ត្រ វាលស្រែ ចម្ការផងដែរដើម្បីឈ្វេងយល់ពីជង្រុកស្រូវធំបង្អស់ទី៣នៃខេត្តទិសពាយ័ព្យប្រទេស ។

ចំណែកលោកពុយ គា ប្រធានក្លិបអ្នកាសែតកម្ពុជា(កអក/CCJ)បានកត់សម្គាល់ថា: ដំណើរទស្សនកិច្ចពីថ្ងៃទី១៦-១៨ខែសីហានេះរបស់ប្រតិភូអ្នកាសែតកម្ពុជានិងអន្តរជាតិ(ភាសាអង់គ្លេស ចិននិងវៀតណាមទៅកាន់ខេត្តពោធិ៍សាត់ដើម្បីបើកយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពីសក្តានុពលទេសចរណ៍ធម្មជាតិនិងការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ពោលគឺកន្លងមក កអក ធ្លាប់ទទួលបានកិច្ចសហការនិងរៀបចំអោយអ្នកកាសែតទៅបំពេញទស្សនកិច្ចក្នុងប្រធានបទស្រដៀងគ្នានេះនៅភ្នំបូកគោខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុនិងខេត្តសៀមរាបរួចមកហើយ ៕