ព័ត៌មានជាតិ

មន្ត្រីកសិកម្មអំពាវដល់កសិករផ្តល់ព័ត៌មានឲ្យបានឆាប់ក្រោយសត្វមមាចត្នោត​កើតឡើងលើដំណាំស្រូវជាង ៦០ហិកតាក្នុងខេត្តបាត់ដំបង

ដោយ៖​ព្រះអង្គខ្មៅ

បាត់ដំបង÷ មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង អំពាវដល់កសិករផ្តល់ព័ត៌មានឲ្យបានឆាប់ក្រោយសត្វមមាចត្នោតបានកើតឡើងរាតត្បាតលើដំណាំស្រូវជាង ៦០ហិកតាក្នុងភូមិសាស្ត្រស្រុកបវេល និងស្រុកឯកភ្នំ។

ក្នុងពេលចុះពិនិត្យ ណែនាំពីវិធីទប់ស្កាត់ និងការពារនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤នេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ថា÷ រយ:ពេលចុងក្រោយនេះ ពិសេសចាប់តាំងពីចុងខែកក្កដាមកមានសត្វ​លល្អិតមមាចត្នោត​បានកើតមានឡើងហើយរាតត្បាតដោយអន្លើនៅក្នុងភូមិសាស្ត្រឃុំចំនួន ៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង រួមមាន៖ ឃុំបវេល​ ឃុំព្រៃខ្ពស់​  ឃុំក្តុលតាហែន​ ឃុំល្វា បានប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន ៦៥ហិកតា និងនៅរវាងថ្ងៃទី ១៤ ខែសីហា ថ្មីៗនេះសត្វចង្រៃខាងលើនេះបានកើតឡើងលើដំណាំស្រូវលើទំហំដីមួយហិកតាផ្សេងទៀតនៅក្នុងស្រុកឯកភ្នំ ភូមិសាស្ត្រខេត្តបាត់ដំបង។

មន្ត្រីជំនាញដដែលបានបញ្ជាក់បន្ថែមថា÷ ករណីកើតឡើងនូវការរាតត្បាតដោយសត្វល្អិតបំផ្លាញនេះ បងប្អូនប្រជាកសិករបានសហការផ្តល់ព័ត៌មានដល់មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរបានលឿនទាន់ពេលវេលាភ្លាមៗ លោកក៏ដូចជាមន្ត្រីជំនាញ បានរួសរាន់ចុះទៅពិនិត្យផ្ទាល់ និងបានណែនាំពីវិធានការទប់ស្កាត់តាមបច្ចេកទេសបានយ៉ាងរួសរាន់ ចំពោះមុខដំណាំស្រូវដែលរងការយាយីដោយសត្វល្អិតនេះមានស្ថានភាព​ប្រសើរអាចគ្រប់គ្រងបាន​ល្អវិញហើយ។

លោក ឈឹម វជិរា បានលើកឡើងពីវិធានការទប់ស្កាត់ចំពោះមុខដែរថា÷ មិនត្រូវធ្វើស្រែពេញមួយឆ្នាំនោះទេ ទុកចន្លោះពីរដូវមួយទៅរដូវមួយឲ្យឃ្លាតគ្នាយ៉ាងតិចពី ២០ ទៅ ៣០ថ្ងៃ, ត្រូវប្រើប្រាស់ពូជដែលធន់ជំងឺ សត្វមមាចត្នោត, កុំព្រោះស្រូវ ឬសន្ទូងក្រាស់ពេក, រក្សាទឹកក្នុងស្រែឲ្យបានសមស្រប, ប្រើប្រាស់ជីឲ្យបានត្រឹមត្រូវ ចៀសវាងប្រើជីអាសូតលើសកម្រិតជាដើម។

វិធានការកម្ចាត់បឋម ចំពោះស្រែដែលមានទឹកត្រូវបង្កើនកម្រិតទឹករួចប្រើស្បៃមុងអូសយកសត្វមមាចតាមដែលអាចធ្វើបាន ឬប្រើដីខ្សាច់លាយជាមួយប្រេងម៉ាស៊ូត ៣ ទៅ ៤លីត្រក្នុងមួយហិកតារួចបាចចូលក្នុងស្រែឲ្យបានសព្វល្អ បន្ទាប់មកយកមែកឈើគោះទម្លាក់ទឹក ចំពោះស្រែគ្មានទឹកត្រូវប្រើប្រេងម៉ាស៊ូត ៣ ទៅ ៤លីត្រលាយជាមួយអង្កាម ឬកន្ទក់លាយឲ្យសព្វរួចបាចចូលទៅក្នុងស្រែដើម្បីដេញសត្វមមាច, លែងទាចូលក្នុងស្រែ ជម្រើសចុងក្រោយត្រូវប្រើប្រាស់ថ្នាំកសិកម្ម៕