សន្ដិសុខសង្គម

សកម្មភាពនាំបង្គាមកពីប្រទេសវៀតណាមតាមទឹកដីស្រុកកំពង់ត្រាចបែរជាមន្ត្រីជំនាញមិនដឹង

ដោយ៖ កំចាយ

កំពត៖ ការនាំបង្គាមកពីប្រទេសវៀតណាមចូលតាមច្រករបៀងផ្លូវទឹកក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចមានសកម្មភាពយ៉ាងគគ្រឹកគគ្រេង ដោយឈ្មួញគ្រាន់តែប្រើល្បិចប្តូរវេនយប់-ថ្ងៃអាស្រ័យលើស្ថានភាពជាក់ស្តែងដើម្បីបំភាន់ភ្នែកសាធារណជន។ មន្ត្រីក្នុងដែនជំនាញបានបញ្ជាក់ថា ការដឹកជញ្ជូនបង្គាក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចគឺឈ្មួញប្រមូលទិញពីពលរដ្ឋខ្មែរដែលចិញ្ចឹមក្បែរតំបន់ព្រំដែនជាប់ជាមួយប្រទេសវៀតណាម។

តាមការប្រាប់ឲ្យដឹងពីអ្នកភូមិព្រះទ្រហឹង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចថា បង្គាវៀតណាមបាននាំចូលតាមច្រករបៀងផ្លូវប្រឡាយមួយខ្សែក្នុងភូមិឋានរបស់ពួកគាត់ជាយូរមកហើយ។ ពួកគាត់ធ្លាប់ទិញបង្គាកន្លែងទូកចតនោះមកហូបជាញឹកញយ ព្រោះនៅក្បែរផ្ទះស្រាប់និងធូរថ្លៃផង។

ដោយឡែក ក្រុមគ្រួសារម្ចាស់ដីចំណតរថយន្តសម្រាប់រង់ចាំទទួលលើកដាក់បង្គាពីទូកវៀតណាមបានបញ្ជាក់ថា ជាងមួយឆ្នាំមកហើយដែលច្រករបៀងនេះបានបើកនាំបង្គាចូលមកពីប្រទេសវៀតណាម។ ទូកដឹកបង្គាមកចំណតនេះមានច្រើនម្ចាស់ចូលបន្តគ្នាដោយមួយថ្ងៃពីរដងគឺវេលាទៀបភ្លឺ និងចន្លោះម៉ោង៨ទៅម៉ោង១០ព្រឹក។ ចំណែករថយន្តដែលមករង់ចាំដឹកបង្គាមានប្រហែល៣ទៅ៤គ្រឿងពេលបង្គាបង្គាមកដល់ម្តងៗ។ ពលរដ្ឋបានត្អូញត្អែរថា ដោយសារថយន្តចូលដឹកបង្គាបានធ្វើឲ្យផ្លូវលំក្នុងភូមិខូចខាត ហើយបានមេប៉ុស្តិ៍ជួយជួសជុលចាក់ដីបំពេញទើបរថយន្តអាចចូលដល់ស្ពានកន្លែងចំណតទូកបង្គានោះ។ ប៉ុន្តែ មិនដឹងជាមានបញ្ហាអ្វីទេ ព្រោះប៉ុន្មានថ្ងៃនេះទូកបង្គាចូលតែពេលយប់ គឺចម្លោះពីម៉ោង១០ដល់វេលាទៀបភ្លឺ។

លោក យន់ វេហា នាយផ្នែករដ្ឋបាលជលផលព្រែកចាកបានបដិសេធថា បច្ចុប្បន្ន មិនមានការនាំចូលបង្គាពីប្រទេសវៀតណាមឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រាចទេ លើកលែងតែកាលមុនមានវិបត្តិជំងឺកូវីដ-១៩។ ចំណែកបង្គារស់ដែលឈ្មួញដឹកជញ្ជូនក្នុងទឹកដីស្រុកកំពង់ត្រាចគឺប្រមូលទិញពីអ្នកភូមិកោះចម្ការ ក្នុងឃុំបងសាលាខាងត្បូង ដែលបានចិញ្ចឹមក្បែរតំបន់ព្រំដែនប្រមាណ២០គ្រួសារនោះ។ លោកនាយផ្នែកបានបញ្ជាក់ថា ការនាំចូលបង្គារស់សម្រាប់ចែកចាយមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគទេ ព្រោះបង្គារស់មិនអាចដាក់សារធាតុគីមីបានឡើយ៕