ដោយ : បន្ទាយ
បន្ទាយមានជ័យ÷ ពិធីបញ្ចុះបឋមសិលាសាងសង់សួនតេជោសន្តិភាពនិងស្តូប បានរៀបចំធ្វើឡើងនៅមាត់ស្ទឹងសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ ។នៅជាប់គ្នានោះក៏បាននិងកំពុងកសាងសួនច្បារថ្មីមាត់ស្ទឹងផងដែរ។
ពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីនិងបញ្ចុះបឋមសិលានោះមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈនិងមន្ត្រីសង្ឃ និងក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តនិងក៏អញ្ជើញចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ សមត្ថកិច្ច អ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើន ។
លោកថ្លាង ទៀង នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តបន្ទាយមានជ័យអោយដឹងថា : នៅគោលដៅនោះមានការសាងសង់២ផ្នែក :ទី១-សួនតេជោសន្តិភាពសាងសង់លើផ្ទៃដី ៣០គុណ២៦ម៉ែត្រនិងសាងសង់ស្តូបធ្វើពីបេតុង ថ្មកម្ពស់៩.៣៣ម៉ែត្រ អមដោយសួនច្បារ។
គម្រោងនេះត្រូវប្រើប្រាស់ថវិការបស់ក្រុមគ្រួសារលោកអ៊ុ រាត្រី អភិបាលខេត្តផ្ទាល់
និងទី២- សួនច្បារថ្មីមាត់ស្ទឹងព្រះពន្លាលើផ្ទៃដីមានប្រវែង២៥០ម៉ែត្រ ដែលក្នុងនោះមាន :
ដងស្ទឹងព្រះពន្លា ក្នុងនោះមានគ្របដណ្តប់លើសួនតេជោសន្តិភាព ,ការ៉ូឡាម៉ាត៣០គុណ៦០ ,បង្គោលភ្លើង,ដើមឈើ១ប្រឡោះ៨ដើម,ស្មៅ,ដើមក្ងោក,រីហ្ការ,ចំណតឡាន ម៉ូតូ,ផ្លូវកង់និងផ្លូវបេតុង ។
គម្រោងនេះ ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០២៤ ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: កន្លងមកនៅចំណុចខាងលើនេះនាភូមិ៣សង្កាត់ព្រះពន្លានោះគឺមានភាពស្មុគស្មាញនិងលំបាកដ្បិតមានសំណង់និងការតាំងលំនៅរបស់បងប្អូនប្រជាពលរដ្ឋដែលសំអាងថា ដោះស្រាយដីធ្លីនៅភូមិ៣នោះមិនទានចប់ ។
ប៉ុន្តែចុងក្រោយនេះ ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងសិរីសោភ័ណ និងខេត្តបន្ទាយមានជ័យក៏បានសម្របសម្រួលដោះស្រាយបញ្ហានេះស្ទើររួចរាល់។ ក្នុងនោះបានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាពនៅតាមមាត់ដងស្ទឹងសិរីសោភ័ណឱ្យកាន់តែល្អប្រសើរ ។
លោកអ៊ុ រាត្រី បានថ្លែងបន្តថា: ហេតុនេះ កន្លងមកនេះ រដ្ឋបាលខេត្តបានកសាងសួនច្បារថ្មីនិងពេលនេះចាប់ផ្តើមសាងសង់សួនតេជោសន្តិភាពនិងស្តូបតូច ដើម្បីជាការដឹងគុណដល់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី-បច្ចុប្បន្នប្រធានព្រឹទ្ធសភានិងជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រដែលដាក់ចេញនិងអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនិងយូរមកហើយនិងបានទទួល ថែរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ម្យ៉ាងទៀត ការកសាងសួនថ្មីរនេះ ដើម្បីអោយទីប្រជុំជនខេត្តនេះមានសួនធំៗចំនួន២កន្លែងគឺសួនមានជ័យឬវេទិកាខេត្តនិងសួនថ្មីមាត់ស្ទឹងនេះ ។បំណងគឺសម្រាប់ផ្តល់អោយពលរដ្ឋ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តសប្បាយ ការលំហែនិងហាត់ប្រាណជាដើម ៕