ព័ត៌មានជាតិ

អាជ្ញាធរខេត្តសម្រេចនាំយកប្រភពទឹកឆាដើម្បីសង្គ្រោះស្រូវជាង៣០០ហិកតានៅស្រុកជើងព្រៃ

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចនាំយកប្រភពទឹកចេញពីទឹកឆា ដើម្បីសង្រ្គោះដំណាំស្រូវប្រាំងដែលប្រឈមបញ្ហាអាកាសធាតុ រាំងស្ងួតកូនរដូវប្រាំង លើផ្ទៃដីជាង ៣០០ ហិកតារបស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួនបួន របស់ស្រុកជើងព្រៃ។ ចំណែកផ្ទៃស្រែប្រាំងប្រមាណ ៤០ហិកតា ដែលរងការខូចខាតទាំងស្រុងនឹងផ្តល់ពូជស្រូវដំាដុះឡើងវិញ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបញ្ជាក់យ៉ាងដូច្នេះ នៅបន្ទាប់ពីឯកឧត្តមបានដឹកនាំអាជ្ញាធរ និងក្រុមការងារមន្រ្តីជំនាញ អញ្ជើញចុះពិនិត្យ និងដោះស្រាយកង្វល់ខ្វះទឹកស្រោចស្រពដំណាំស្រូវប្រាំងសរុបចំនួន ៣២៧ ហិកតា នៅក្នុងឃុំត្រពាំងគរ, ឃុំស្តើងជ័យ, សំពងជ័យនិងឃុំព្រីងជុំ។

ឯកឧត្តមបានបន្តថា៖ ក្រៅពីដំណាំស្រូវប្រាំង ឃុំទាំងបួន របស់ស្រុកជើងព្រៃ គឺនៅមានឃុំសណ្តែក ស្រុកបាធាយ ក៏ជួបបញ្ហារាំងស្ងួតដូចគ្នាដែរ។ ប៉ុន្តែនៅមិនទាន់ដឹងពីទំហំ នៃផលប៉ះពាល់នេះទេ៕