ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជំរុញអាជ្ញាធរខេត្តសៀមរាប ឱ្យធ្វើការរួមគ្នាជាមួយនឹងអាជ្ញាធរជាតិអប្សរា ដើម្បីការពារនិងទប់ស្កាត់សំណង់ខុសច្បាប់ព្រមទាំងការទន្ទ្រានយកដីនៅក្នុងតំបន់អង្គរឱ្យមានប្រសិទ្ធភាព

សៀមរាប៖ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម សាយ សំអាល់ បានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ដែលជាគណៈបញ្ជាការរួម ត្រូវធ្វើការជាមួយនិងអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលកេរ្ដិ៍ដំណែលដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកឱ្យបានគង់វង្សនិងមានភាពលេចធ្លោជានិរន្ត។

(រូបភាព៖ហាប់ គឹមអាន)

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ទៀតថា៖លោកចង់ឃើញការឯកភាពគ្នាទាំងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច ទាំងព្រះសង្ឃនិងប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារតំបន់រមណីយដ្ឋានអង្គរនិងមានការទទួលខុសត្រូវសម្រាប់ប្រវត្តិសាស្ត្រ។

លោកថា ចាប់តាំងតែពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានជាច្រើន សម្រាប់ការពារអង្គរដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនេះ ហើយនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរ៤ភាគីមក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើកិច្ចការពារអង្គរនេះមុនគេដែរ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នេះ បានធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ)នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤។

បើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ អាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា បានថ្លែងនៅក្នុងការបើកកិច្ចពិគ្រោះយោបល់ ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ)ដែរនោះ ឱ្យដឹងថា រយៈពេល៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយជប៉ុន បារាំង និងបណ្ដាប្រទេសចំនួន៣៧ផ្សេងទៀត ដែលចូលរួមពិនិត្យនិងផ្ដល់យោបល់ជាប់ជាប្រចាំនៅក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ នៅតំបន់អង្គរនិងតំបន់ដែលពាក់ព័ន្ធ ធ្វើឱ្យទទួលបានភាពជោគជ័យនិងការកាត់បន្ថយបញ្ហាប៉ះពាល់នានាជាច្រើនមកលើតម្លៃដ៏មហាសាលនៃអង្គរ ព្រមទាំងរក្សាបាននូវតម្លៃលេចធ្លោជាសកល។

ក៏ប៉ុន្តែទន្ទឹមនិងភាពជោគជ័យនេះ បញ្ហាប្រឈមជាច្រើនក៏នៅតែកើតមាន ទៅលើការងារគ្រប់គ្រងតំបន់អង្គរផងដែរ ដូចជា៖ការសឹករឹចរិលរបស់ប្រាង្គប្រាសាទបុរាណ ដោយសារកម្ដៅថ្ងៃនិងអាកាសធាតុ រំហូរភ្ញៀវទេសចរខ្លាំង ឧបសគ្គនៃការថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីនិងជំនឿ របស់អ្នកស្រុកអង្គរ ការទន្ទ្រានយកដីធ្លី ព្រមទាំងការសាងសង់សំណង់ខុសច្បាប់ក្នុងតំបន់ការពារ នៅតែមានការកើនឡើងនៅឡើយ។

ការបង្ហាញពីកង្វល់របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនេះ នៅក្នុងពេលដែលការគ្រប់គ្រងលើកិច្ចការពារនិងអភិវឌ្ឍន៍តំបន់អង្គរ ជាច្រើនកន្លែងនៅតែមានបញ្ហាប្រឈមនៅឡើយ ចំពោះការទន្ទ្រានយកដី និងការសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារនៅតែកើន

ឡើង។

(រូបភាព៖ហាប់ គឹមអាន)

អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានឆ្លើយតបថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលនិងអាជ្ញាធរជាតិអប្សរា លើកិច្ចការពាររមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនេះ។

រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលបានគ្របដណ្ដប់លើក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកពួក ស្រុប្រាសាទបាគង ស្រុកបន្ទាយស្រីនិងស្រុកអង្គរធំ។

បច្ចុប្បន្ននេះ ក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋរស់នៅចំនួន១១៤ភូមិ ស្មើនឹង២៥ឃុំ សង្កាត់ និងមានក្បាលដីសរុបចំនួន៩៧៩១៣ក្បាលដី៕

អត្ថបទ៖ ហាប់ គឹមអាន