អន្តរជាតិ

កងឆ្មាំសមុទ្រអាមេរិកតាមដានសកម្មភាពនាវាចម្បាំងរុស្ស៊ីលើដែនទឹកនៃកោះអាឡាស្កា

ប្រែសម្រួល៖ រតនា

JUNEAU, អាឡាស្កា — យោងតាមប្រភពពីក្រុមមន្ត្រីអាមេរិកបានឲ្យដឹងថា កងឆ្មាំសមុទ្រអាមេរិកបានចេញល្បាតជាប្រចាំនៅជុំវិញកោះ Aleutian នៃតំបន់អាឡាស្កាក៏បានប្រទះឃើញនាវាចម្បាំងរុស្សីកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិដែលស្ថិតនៅជិតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អាមេរិក។

កាលពីថ្ងៃចន្ទAlex Haley ឆ្មាំសមុទ្រអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកាលពីថ្ងៃសុក្រគាត់បានប្រទះឃើញវត្តមាននាវាចម្បាំងរុស្សីក្នុងចម្ងាយប្រហែល ៣០ ម៉ាយភាគអាគ្នេយ៍នៃតំបន់ Amukta Pass។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាវាចម្បាំងរបស់រុស្សី “កំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិដែលស្ថិតនៅជិតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់សហរដ្ឋអាមេរិក” ដែលមានចម្ងាយ ២០០ ម៉ាយពីឆ្នេរសមុទ្រអាមេរិក។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថានាវាឆ្មាំសមុទ្រអាមេរិកមិនបានទាក់ទងជាមួយនិងនាវាចម្បាំងរុស្ស៊ីនោះទេ ប៉ុន្តែបានតាមដាននាវានោះនៅពេលដែលវាបានផ្លាស់ទីទៅទិសខាងកើត។

មេបញ្ជាការឆ្មាំឆ្នេរសមុទ្រអាមេរិក Alex Haley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”យើងតាមដាននាវានោះដើម្បីធានាថាវាមិនមានសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អាមេរិកនៅក្នុងដែនសមុទ្រជុំវិញកោះអាឡាស្កា”។

ក្រុមមន្ត្រីបាននិយាយថា កាលពីខែកក្កដា កងឆ្មាំឆ្នេរសមុទ្របានប្រទះឃើញនាវាចម្បាំងចិនចំនួន ៤ គ្រឿងនៅភាគខាងជើងនៃ Amchitka Pass ក្នុងកោះ Aleutian ក្នុងដែនទឹកអន្តរជាតិ ដែលស្ថិតនៅជិតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់សហរដ្ឋអាមេរិកផងដែរ។

នៅចុងខែនោះ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី និងចិន បានប្រតិបត្តិការរួមគ្នាជាលើកដំបូង នៅក្នុងដែនអាកាសអន្តរជាតិ ក្បែរឆ្នេរអាឡាស្កាដែលជាការបង្ហាញកម្លាំងថ្មីមួយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធាប្រកបដោយសក្តានុពល ដែលលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយនៅពេលនោះថាគួរឲ្យបារម្ភផងដែរ។

ក្នុងខណ:ពេលនោះយន្តហោះទម្លាក់គ្រាប់បែករបស់ចិននិងរុស្សីត្រូវបានតាមដាន និងស្ទាក់ចាប់ដោយយន្តហោះចម្បាំងអាមេរិក និងកាណាដា។

នេះជា​លើក​ទី​មួយ​ហើយ​ដែល​យន្តហោះ​ទម្លាក់​គ្រាប់​របស់​ចិន​បាន​ហោះហើរ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រដ្ឋអាឡាស្កាសរបស់អាមេរិក។

ហើយ​ក៏​ជា​លើក​ទី​មួយ​​ដែល​យន្តហោះ​ចិន និង​រុស្ស៊ី​បាន​ហោះរួមគ្នា​ចេញពី​មូលដ្ឋាន​ដូចគ្នា​នៅ​ភាគ​ឦសាន​នៃ​ប្រទេសរុស្ស៊ី៕