ប្រែសម្រួល៖ រតនា
JUNEAU, អាឡាស្កា — យោងតាមប្រភពពីក្រុមមន្ត្រីអាមេរិកបានឲ្យដឹងថា កងឆ្មាំសមុទ្រអាមេរិកបានចេញល្បាតជាប្រចាំនៅជុំវិញកោះ Aleutian នៃតំបន់អាឡាស្កាក៏បានប្រទះឃើញនាវាចម្បាំងរុស្សីកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិដែលស្ថិតនៅជិតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អាមេរិក។
កាលពីថ្ងៃចន្ទAlex Haley ឆ្មាំសមុទ្រអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកាលពីថ្ងៃសុក្រគាត់បានប្រទះឃើញវត្តមាននាវាចម្បាំងរុស្សីក្នុងចម្ងាយប្រហែល ៣០ ម៉ាយភាគអាគ្នេយ៍នៃតំបន់ Amukta Pass។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាវាចម្បាំងរបស់រុស្សី “កំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិដែលស្ថិតនៅជិតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់សហរដ្ឋអាមេរិក” ដែលមានចម្ងាយ ២០០ ម៉ាយពីឆ្នេរសមុទ្រអាមេរិក។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថានាវាឆ្មាំសមុទ្រអាមេរិកមិនបានទាក់ទងជាមួយនិងនាវាចម្បាំងរុស្ស៊ីនោះទេ ប៉ុន្តែបានតាមដាននាវានោះនៅពេលដែលវាបានផ្លាស់ទីទៅទិសខាងកើត។
មេបញ្ជាការឆ្មាំឆ្នេរសមុទ្រអាមេរិក Alex Haley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”យើងតាមដាននាវានោះដើម្បីធានាថាវាមិនមានសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អាមេរិកនៅក្នុងដែនសមុទ្រជុំវិញកោះអាឡាស្កា”។
ក្រុមមន្ត្រីបាននិយាយថា កាលពីខែកក្កដា កងឆ្មាំឆ្នេរសមុទ្របានប្រទះឃើញនាវាចម្បាំងចិនចំនួន ៤ គ្រឿងនៅភាគខាងជើងនៃ Amchitka Pass ក្នុងកោះ Aleutian ក្នុងដែនទឹកអន្តរជាតិ ដែលស្ថិតនៅជិតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់សហរដ្ឋអាមេរិកផងដែរ។
នៅចុងខែនោះ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី និងចិន បានប្រតិបត្តិការរួមគ្នាជាលើកដំបូង នៅក្នុងដែនអាកាសអន្តរជាតិ ក្បែរឆ្នេរអាឡាស្កាដែលជាការបង្ហាញកម្លាំងថ្មីមួយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធាប្រកបដោយសក្តានុពល ដែលលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយនៅពេលនោះថាគួរឲ្យបារម្ភផងដែរ។
ក្នុងខណ:ពេលនោះយន្តហោះទម្លាក់គ្រាប់បែករបស់ចិននិងរុស្សីត្រូវបានតាមដាន និងស្ទាក់ចាប់ដោយយន្តហោះចម្បាំងអាមេរិក និងកាណាដា។
នេះជាលើកទីមួយហើយដែលយន្តហោះទម្លាក់គ្រាប់របស់ចិនបានហោះហើរក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរដ្ឋអាឡាស្កាសរបស់អាមេរិក។
ហើយក៏ជាលើកទីមួយដែលយន្តហោះចិន និងរុស្ស៊ីបានហោះរួមគ្នាចេញពីមូលដ្ឋានដូចគ្នានៅភាគឦសាននៃប្រទេសរុស្ស៊ី៕