សេដ្ឋកិច្ច

SingMedរបស់កម្ពុជា និង Medical Group របស់សិង្ហបុរី សហការគ្នាលើវិស័យវេជ្ជសាស្ត្រនិងលើកកម្ពស់សេវាថែទាំសុខភាព

ដោយ៖សិរីមតី

ភ្នំពេញ៖ កម្ពុជានិងសិង្ហបុរី បានសហការការគ្នាលើវិស័យវេជ្ជសាស្ត្រនិងលើកកម្ពស់សេវាថែទាំសុខភាពជូនអ្នកជំងឺកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកនិងការផ្លាស់ប្តូរជំនាញផ្នែកវេជ្ជសាស្រ្តដើម្បីទទួលបានការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

SingMed Medical Center ខេមបូឌា និង Beyond Medical Group របស់ប្រទេសសិង្ហបុរី នារសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ។កិច្ចសហការនេះត្រូវបានកំណត់ដើម្បីបង្កើនសេវាវេជ្ជសាស្រ្ត និងគុណភាពថែទាំសុខភាពក្នុងស្រុក។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមពីលោកស្រី ពិន នេត្រា អគ្គនាយិកា របស់ SingMed Medical Center រួមទាំងលោកស្រី Elayne Soh អគ្គនាយិកាក្រុមហ៊ុន Beyond ប្រទេសសិង្ហបុរី និងក្រុមគ្រូពេទ្យវះកាត់ឆ្អឹងរបស់ពួកគេដែលរួមមានមាន លោកវេជ្ជបណ្ឌិត Jerry Chen វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងជាន់ខ្ពស់ Devinder Singh វេជ្ជបណ្ឌិតឯកទេសវះកាត់ថ្លើម Stephen Chang និង វេជ្ជបណ្ឌិតឯកទេសវះកាត់មហារីកក្រពះ ពោះវៀន Chong Choon Sengកិច្ចសហការគ្នានេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់សេវាថែទាំសុខភាពជូនអ្នកជំងឺកម្ពុជា ក្នុងភាពជាដៃគូនេះបង្ហាញពីទស្សនៈវិស័យរួមគ្នាដើម្បីភ្ជាប់ការថែទាំបង្កើនបទពិសោធន៍ទៅវិញទៅមកនិងជំរុញការផ្លាស់ប្តូរជំនាញផ្នែកវេជ្ជសាស្រ្តដើម្បីទទួលបានការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

តាមរយៈMOU នេះ Beyond Medical Group ជាមួយនឹងក្រុមអ្នកឯកទេសចំនួន ១៦នាក់ ផ្សេងទៀត បានសន្យាសហការជាមួយ SingMed ដើម្បីបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពកម្រិតខ្ពស់ និងលើកកម្ពស់ស្តង់ដារការថែទាំនៅទូទាំងតំបន់។ ទិដ្ឋភាពសំខាន់នៃកិច្ចសហការគឺការបង្កើតកាលវិភាគដែលមានរចនាសម្ព័ន្ធសម្រាប់អ្នកឯកទេសសិង្ហបុរីដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់សេវាថែទាំសុខភាពនៅកម្ពុជាឲ្យមានភាពកាន់តែប្រសើរឡើងទាំងពេលវេលា តម្លៃសមរម្យ និងសុវត្ថិភាពនៃសេវាវេជ្ជសាស្រ្តសម្រាប់អ្នកជំងឺទាំងក្នុង និង ក្រៅប្រទេស។

ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពថែទាំសុខភាពនោះ ភាពជាដៃគូនេះមានគោលបំណងចែករំលែកធនធាន និងជំនាញ ដើម្បីរំលែកចំណេះដឹងរបស់អ្នកជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលដែលមានគោលដៅ សម្របសម្រួលការអញ្ជើញមកពិគ្រោះដោយអ្នកឯកទេសសិង្ហបុរី និងគាំទ្រគំនិតផ្តួចផ្តើមកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការជាមួយ គ្លីនិក SingMed ផ្តល់ភាពងាយស្រួល និងភាពជឿជាក់នៃការព្យាបាលនិងថែទាំសុខភាពជូនប្រជាជនកម្ពុជា។ ការប្តេជ្ញាចិត្តនេះផងដែរក៏បានផ្តោតលើការបង្កើនស្តង់ដារថែទាំ និងជំរុញការកែលម្អប្រកបដោយនិរន្តរភាព ក្នុងស្ថាបន័វេជ្ជសាស្រ្ត ។

លោកស្រី Elayne Soh តំណាងឱ្យ Beyond Medical Group បាននិយាយថា៖ យើងមានសេចក្តីរំភើបរីករាយដែលត្រូវបានជ្រើសរើសជាដៃគូដែលពេញចិត្តរបស់ គ្លីនិក SingMed នៅកម្ពុជា ។ តាមរយៈ ធនធាន និងជំនាញរបស់យើង ភាពជាដៃគូនេះត្រូវបានកំណត់ដើម្បីផ្តល់អត្ថប្រយោជន៍ជាច្រើន។ វានឹងមិនត្រឹមតែលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពមួយមុខទេ ប៉ុន្តែថែមទាំងជំរុញការបង្កើតថ្មីនិងកិច្ចសហការក្នុងការអនុវត្តផ្នែកវេជ្ជសាស្រ្តផងដែរ។ ជារួម យើងមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាព ជំរុញឱ្យមានការជឿនលឿនក្នុងការអប់រំផ្នែកវេជ្ជសាស្រ្ត និងគាំទ្រដល់ការអភិវឌ្ឍន៍វិជ្ជាជីវៈដែលកំពុងបន្តសម្រាប់អ្នកអនុវត្តផ្នែកថែទាំសុខភាព។ ចក្ខុវិស័យរួមគ្នារបស់យើងនឹងធ្វើឱ្យមានសមិទ្ធផលផលយ៉ាងសំខាន់ និង យូរអង្វែងលើ សហគមន៍សេវាវេជ្ជសាស្រ្ត។

អ្នកស្រី ពិន នេត្រា អគ្គនាយិកា និង ជានាយកប្រតិបត្តិក្រុមហ៊ុន SingMed បានលើកឡើងថា “ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Beyond Medical Group តំណាងឱ្យភាពជឿនលឿនដ៏សំខាន់មួយនៅក្នុងសេវាកម្មថែទាំសុខភាពដែលផ្តល់ដោយ SingMed នៅក្នុងប្រទេសកម្ពុជា។ យើងខ្នះខ្នែងក្នុងការផ្តួចផ្តើមគម្រោងសំខាន់ៗ រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍រួមគ្នា និងសេវាវេជ្ជសាស្រ្ដរួមបញ្ចូលគ្នាបន្ថែមទៀត។ តាមរយៈការប្រើប្រាស់ជំនាញវេជ្ជសាស្រ្ដដ៏ទូលំទូលាយរបស់ Beyond SingMed មានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពដែលរីករាលដាល និងលើកកម្ពស់កម្មវិធីសេវាវេជ្ជសាស្រ្តយ៉ាងសំខាន់។

SingMed Medical Center គឺជាអ្នកផ្តល់សេវាថែទាំសុខភាពលំដាប់កំពូលមួយនៅក្នុងទីក្រុងភ្នំពេញ ដែលឧទ្ទិសដល់ការផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពខ្ពស់ និងផ្តោតលើគុណភាពព្យាបាលជូនអ្នកជំងឺជាចំបង ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី និងភាពងាយស្រួលSingMed បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលើកកម្ពស់ស្តង់ដាថែទាំសុខភាពនៅកម្ពុជាអស់រយៈពេល ៥ ឆ្នាំមកហើយ។

Beyond Medical Group មានមូលដ្ឋាននៅប្រទេសសិង្ហបុរី គឺជាក្រុមវិនិយោគផ្នែកថែទាំសុខភាពឈានមុខគេដែលល្បីល្បាញដោយសារ ភាពល្អឥតខ្ចោះនៅក្នុងសេវាកម្មវេជ្ជសាស្រ្ត និងបច្ចេកវិទ្យាថែទាំសុខភាព៕