អន្តរជាតិ

អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយក្រែន​ចំនួន ១២៥ លាន​ដុល្លារ

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក Biden កាលពីថ្ងៃសុក្រ បានប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន ១២៥ លានដុល្លារអាមេរិក ដល់ប្រទេសអ៊ុយក្រែន ខណៈដែលកងទ័ពរបស់ទីក្រុង Kyiv បានវាយទម្លុះព្រំដែនកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដែលជាផ្នែកមួយនៃការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងរយៈពេល ៤ ថ្ងៃកន្លងមក។

លោក Antony Blinken បាននិយាយថា ជំនួយនេះត្រូវបានទាញយកពីមូលនិធិដែលមានការអនុញ្ញាតពីសភា រួមមាន “ឧបករណ៍ស្ទាក់ការពារដែនអាកាស, គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត និងកាំភ្លើងធំ រ៉ាដាពហុបេសកកម្ម និងអាវុធប្រឆាំងរថក្រោះ”។

រដ្ឋាភិបាលអាមេរិកបានចៀសវាងមិនធ្វើការអត្ថាធិប្បាយលើកិច្ចប្រតិបត្តិការរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ភាគខាងជើងនៃទីក្រុង Khariv ជាកន្លែងដែលកងទ័ពអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានកាន់កាប់ដីប្រហែល ១០០ ម៉ាយការ៉េ ដែលជាការដាក់សម្ពាធថ្មីលើទីក្រុងមូស្គូឲ្យដកខ្លួនចេញពីតំបន់កាន់កាប់របស់អ៊ុយក្រែន។

លោក John Kirby អ្នកនាំពាក្យសេតវិមានបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រថា លោកបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហាប្រតិបត្តិការយោធារបស់អ៊ុយក្រែន” ។

“យើងកំពុងទាក់ទងជាមួយសមភាគីអ៊ុយក្រែនរបស់យើង ហើយយើងកំពុងធ្វើការដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលពួកគេកំពុងធ្វើ គោលដៅរបស់ពួកគេគឺជាអ្វី យុទ្ធសាស្ត្ររបស់ពួកគេគឺជាអ្វី ហើយខ្ញុំនឹងទុកកន្លែងតូចមួយសម្រាប់យើង​​សន្ទនា​នៅមុន​ពេល​ខ្ញុំ​​កំណត់​លក្ខណ​ដែល​កំពុង​កើត​ឡើង”លោក Kirby បាននិយាយយ៉ាងដូច្នេះ។

ការវាយទម្លុះព្រំដែនរបស់អ៊ុយក្រែនកើតឡើងនៅពេលនៃភាពមិនប្រាកដប្រជាសម្រាប់គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះ ខណៈដែលអតីតប្រធានាធិបតី Donald Trump ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋបានប្តេជ្ញាថានឹងធ្វើអន្តរាគមន៍ដោយផ្ទាល់នូវកិច្ចព្រមព្រៀងសន្តិភាពប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសម្តែងការព្រួយបារម្ភថា កិច្ចព្រមព្រៀងបែបនេះនឹងបង្ខំទីក្រុង Kyiv ឲ្យយល់ព្រមទទួលយកតំបន់កាន់កាប់ដោយរុស្ស៊ីនៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។

ការវាយទម្លុះព្រំដែនរបស់អ៊ុយក្រែននេះគឺជាការអាម៉ាស់ដ៏ធំមួយសម្រាប់ប្រធានាធិបតីរុស្ស៊ី Vladmir Putin ដែលមិនអាចធានាបាននូវសុវត្ថិភាពព្រំដែនភាគខាងលិចរបស់ប្រទេសខ្លួននៅក្នុងខែមិថុនាឆ្នាំ ២០២៣។ នៅចំពេលដែលមេដឹកនាំទាហានស៊ីឈ្នួលដែលគាំទ្រដោយវិមានក្រឹមឡាំង Yevgeny Prigozhin បានចាកចេញពីសមរភូមិជាមួយកម្លាំងរាប់ពាន់នាក់របស់គាត់ហើយបានដើរទៅកាន់ទីក្រុងមូស្គូ។

ចំណាត់ការរបស់អ៊ុយក្រែនក៏អាចផ្តល់ឥទ្ធិពលដល់ទីក្រុង Kyiv ក្នុងកិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះជាងមួយទសវត្ស ដែលបានចាប់ផ្តើមជាមួយនឹងការបណ្តេញប្រធានាធិបតីអ៊ុយក្រែនគាំទ្ររុស្សីលោក Viktor Yanukovych នៅក្នុងឆ្នាំ ២០១៤ និងបានវិវត្តទៅជាសង្រ្គាមទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។

កាលពីខែមេសា សភាបានអនុម័តជំនួយចំនួន ៦០.៨ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីលើថវិការដែលបានគ្រោងទុក ១១៣ ពាន់លានដុល្លារ។

កញ្ចប់​​ថ្មី​នឹង​មក​ពី​មូលនិធិនេះ​នោះទេគឺជាជំនួយដែលចេញពី​ឃ្លាំង​ស្តុក​របស់​មន្ទីរបញ្ចកោណដោយផ្ទាល់តែម្តង។

លោកTrump ដែលកំពុងប្រឈមមុខនឹងអនុប្រធានាធិបតី Kamala Harris ក្នុងការបោះឆ្នោតបានជំទាស់នឹងទំហំជំនួយ ហើយបានប្រកែកថាប្រធានាធិបតី Biden គ្រប់គ្រងជម្លោះមិនត្រឹមត្រូវ។

លោក Trump បាននិយាយថា “ខ្ញុំគិតថា Zelensky ប្រហែលជាអ្នកនយោបាយដ៏អស្ចារ្យពូកែខាងលក់” ។

“រាល់ពេលដែលគាត់មកប្រទេសយើង គាត់ដើរចេញជាមួយនឹងទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លារ”។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងបទសម្ភាសកាលពីថ្ងៃចន្ទជាមួយអ្នកផ្សាយព័ត៌មាន Adin Ross វោហារសាស្ត្ររបស់ លោកDonald Trump ហាក់ដូចជាមានការធូរស្រាលជាងមុន នាពេលថ្មីៗនេះ ដែលគាត់បានបង្ហាញពីការអាណិតអាសូរចំពោះទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែនដែលកំពុងរងទុក្ខវេទនា ។

លោក​បាន​និយាយ​ថា​៖ “​នៅ​ពេល​ដែល​អ្នក​មើលឃើញការ​ស្លាប់​និង​ការ​បំផ្លិចបំផ្លាញ​​ សូម្បី​តែសម្បត្តិ​វប្បធម៌​របស់​ពួកគេ​​ ទីក្រុង​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញរាប​ដល់​ដីអស់ទៅហើយ“​៕