សន្ដិសុខសង្គម

ឃាត់ខ្លួនជនជាតិចិនជិត២០នាក់សង្ស័យបទល្មើសឆ្លងដែនខុសច្បាប់នៅខេត្តស្ទឹងត្រែង

ដោយ:សុខុម
ស្ទឹងត្រែង : កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០សីហាបានសហការជាមួយនគរបាលខេត្តស្ទាក់ឃាត់រថយន្តសាំងយ៉ុងមួយគ្រឿង សង្ស័យបទល្មើសឆ្លងដែនខុសច្បាប់។


ប្រតិបត្តិការនោះ បានធ្វើឡើងនៅលើដងផ្លូវជាតិលេខ៧ (ផ្លូវអាស៊ាន) ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានឆែកឆេររថយន្តសាំងយ៉ុង១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ 2Q-5043រកឃើញ ជនជាតិចិនចំនួន១៧នាក់ ក្នុងនោះស្រី០១នាក់។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា រថយន្តដឹកជញ្ជូនជនជាតិចិនចំនួន ១៧នាក់ ចេញពីចំណុចដុងក្រឡ ព្រំដែនកម្ពុជា-ឡាវមានទិសដៅចូលមកក្រុងស្ទឹងត្រែង។

ក្រោយឃាត់នៅថ្ងៃដែលនេះជនជាតិចិនទាំង ១៧នាក់ កំពុងស្ថិតក្រោមការសាកសួរពីកម្លាំងការិយាល័យជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងតាមនីតិវិធីច្បាប់៕