ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យផែនការប្រតិបត្តិការអចិន្ត្រៃយ៍ សម្រាប់ឆ្នាំ២០២៤

ដោយ : បន្ទាយ
ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការប្រតិបត្តិការអចិន្ត្រៃយ៍សម្រាប់ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

នេះបើតាមមន្ត្រីអាវុធហត្ថអោយដឹងកាលពីថ្ងៃទី០៨ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រជុំមានការចូលរួមពីលោកមេបញ្ជាការរងនិងជានាយសេនាធិការ លោកមេបញ្ជាការរងទទួលជំនាញ លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

បន្ទាប់ពីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការរួច លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ និងពង្រឹងសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវចូលរួមអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ,បញ្ហាក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ។

ចំពោះក្មេងទំនើងបង្ហោះម៉ូតូឬបង្កបាតុភាពនៅតាមដងផ្លូវឬទីសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល៣ខែចំពោះការប្រព្រឹត្តលើកទីមួយ និង៦ខែប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕