ដោយ៖ សិរីមតី
ភ្នំពេញ៖ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) សហការជាមួយ អង្គការអប់រំវិទ្យាសាស្ត្រនិង វប្បធម៌ របស់អង្គការសហប្រជាជាតិ(យូណេស្កូ- UNESCO) និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាប់ផ្តើម គម្រោង “ការអប់រំសន្តិភាព ការអភិរក្ស និងថតចម្លងបណ្ណសារ និងការអភិរក្សតំបន់ដើម្បីពង្រឹងសមត្ថភាពយុវជន(PEACE)” ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)”។
គោលបំណងនៃគម្រោង គឺដើម្បីចូលរួមចំណែកក្នុងការការផ្សព្វផ្សាយតម្លៃនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា(CMS) តាមរយៈការអភិរក្សកំណត់ត្រា និងវឌ្ឍនភាពនៃការថតចម្លងបណ្ណសារ,លើកកម្ពស់លក្ខខណ្ឌអភិរក្ស និងបរិស្ថានអ្នកទស្សនាសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយតម្លៃ នៃបូជនីយដ្ឋាននៃការចងចាំកម្ពុជានិង ផ្សព្វផ្សាយការយល់ដឹងអំពី បូជនីយដ្ឋាននៃការចងចាំកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតាំងពិព័រណ៍ព្រមទាំងការកែលម្អការយល់ដឹងអំពីសន្តិភាព តាមរយៈការអប់រំសន្តិភាព។
ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់នាពេលថ្មីៗនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ប្រជាជាតិទាំងពីរបានចេញ សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ កថាខណ្ឌទី២០ នៃសេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ពីការដឹងគុណរបស់កម្ពុជាចំពោះប្រទេសកូរ៉េខាងត្បូងសម្រាប់ការគាំទ្រយ៉ាងសកម្មក្នុងការអភិរក្ស និងស្ដារឡើងវិញនូវតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទជម ស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ និង ព្រះពន្លាជល់ដំរីនៅអង្គរធំ។ ដោយទទួលស្គាល់សារៈសំខាន់នៃការកសាងសមត្ថភាពក្នុងការអភិវឌ្ឍវប្បធម៌ ភាគីទាំងពីរបានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងការអប់រំវប្បធម៌ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ រួមទាំងការបង្កើតវេទិកាអប់រំសិល្បៈនៅកម្ពុជា និងគម្រោងអប់រំសន្តិភាព។
គោលបំណងរបស់គម្រោងក្នុងការលើកកម្ពស់សង្គមប្រកបដោយសន្តិភាព តាមរយៈវប្បធម៌ បេតិកភណ្ឌ ការអប់រំ និងការពង្រឹងសមត្ថភាពយុវជន គាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា – ដំណាក់កាលទី១ (២០២៤-២០២៨) សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព៖ ការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅរកការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ វារួមចំណែកជាពិសេសដល់គោលការណ៍៥ ជំរុញភាពសុខដុមរមនា ភាពធន់ និងការដាក់បញ្ចូលខណៈពេលដែលមានតុល្យភាពនៃការអភិវឌ្ឍន៍ និងការអភិរក្សបរិស្ថាន។ គម្រោងនេះស្របតាម បញ្ចកោណទី៤ ដោយធានានូវការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ និងការពង្រឹងការគ្រប់គ្រងទីក្រុង និងទំនើបកម្ម។ វាគាំទ្របញ្ចកោណ១ ដោយការលើកកម្ពស់គុណភាពនៃការអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលើកកម្ពស់សង្គមស៊ីវិល័យខ្ពស់ដែលកំណត់ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។ លើសពីនេះ វាជំរុញ បញ្ចកោណ៥ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបង្កើតបរិយាកាសឌីជីថលដែលអាចទុកចិត្តបាន និងសុវត្ថិភាព។
កយកា និង យូណេស្កូ បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងផ្តល់ជំនួយ” និង “កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២នៃ គម្រោង “ការអប់រំសន្តិភាព ការអភិរក្ស និងថតចម្លងបណ្ណសារ និងការអភិរក្សតំបន់សម្រាប់ការផ្តល់សិទ្ធិអំណាចដល់យុវជន (PEACE)” ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
“កិច្ចព្រមព្រៀងផ្តល់ជំនួយ” នេះត្រូវបានចុះហត្ថលេខាដោយ លោកស្រី Moonjung CHOIនាយិកាប្រចាំប្រទេសនៃការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា និងលោក សាដា អ៊ូម៉ា អាទ្បាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា ខណៈដែល “កំណត់ហេតុនៃកិច្ចពិភាក្សា”ត្រូវបានចុះហត្ថលេខាដោយលោកស្រី Moonjung CHOIនិងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោកស្រី Moonjung CHOIនាយិកាប្រចាំប្រទេសនៃការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា បានបង្ហាញពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃគម្រោងនេះ។ លោកស្រីបានមានប្រសាសន៍ថា “គម្រោងជំនួយរបស់ កយក-KOICAនៅកម្ពុជា ជានិមិត្តរូបនៃការចែករំលែកទុក្ខសោក និងការចែករំលែកបន្ទុករួមគ្នារវាងប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ”។ “យើងមានគោលបំណងកាត់បន្ថយទុក្ខសោក និងការឈឺចាប់របស់កម្ពុជា តាមរយៈគម្រោងនេះ ហើយវាដើរតួជាមូលដ្ឋានគ្រឹះក្នុងការអប់រំមនុស្សជំនាន់ក្រោយអំពីអតីតកាលដ៏សោកសៅរបស់កម្ពុជា ដើម្បីការពារប្រទេសពីសោកនាដកម្មស្រដៀងគ្នានាពេលអនាគត”។
ដំណាក់កាលទី១នៃ“គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ទទួលបានសមិទ្ធិផលសំខាន់ៗ រួមទាំងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាង ៧៤៥ ៤៩៤ទំព័រត្រូវបានរក្សាទុក ហើយជិតកន្លះលានត្រូវបានបំប្លែងជាឌីជីថល ដើម្បីលើកកម្ពស់ការចូលប្រើប្រាស់ជាសកលចំពោះបេតិកភណ្ឌឯកសារ។ ឥឡូវនេះកំណត់ត្រាទាំងនេះអាចចូលប្រើបានតាមរយៈគេហទំព័រពីរភាសា ជាភាសាខ្មែរ និងងភាសាអង់គ្លេស។ គម្រោងនេះក៏បានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗដល់បុគ្គលិកសារមន្ទីរ រួមចំណែកដល់ការទទួលស្គាល់របស់សារមន្ទីរ ដោយនៅខែកញ្ញា ឆ្នាំ២០២០ សារមន្ទីរទួលស្លែងក៏បានទទួលរង្វាន់ជ័យលាភីរបស់រដ្ឋាភិបាលកូរ៉េ Jikji UNESCO Memory of the World prize ។
ដោយផ្អែកលើភាពជោគជ័យនៃដំណាក់កាលទី១ កយកា-KOICA បានប្តេជ្ញាផ្តល់ជំនួយបន្ថែមចំនួន ៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨។ គម្រោងដំណាក់កាលទី២នេះ ក្រោយពេលសិក្សារួច គឺបន្ថែមការអនុវត្តគម្រោងរយៈពេលមួយឆ្នាំថែមទៀត រួមទាំងបន្ថែមថវិកាចំនួន១លានដុល្លារអាមេរិក បន្ថែមទៅលើសំណើស្នើសុំគម្រោងដំបូង តែ២លានលានដុល្លារអាមេរិក និងការអនុវត្តគម្រោងតែ៤ឆ្នាំ។ គម្រោងនេះមានគោលបំណងលើកកម្ពស់សង្គមប្រកបដោយសន្តិភាព តាមរយៈការអប់រំវប្បធម៌ និងបេតិកភណ្ឌ និងការពង្រឹងសមត្ថភាពយុវជន ស្របតាមយុទ្ធសាស្ត្រជាតិរបស់កម្ពុជា គឺយុទ្ធសាស្ត្រមបញ្ចកោណ ដំណាក់កាលទី១។
ដោយមានការទទួលស្គាល់ពីភាពជោគជ័យរបស់គម្រោង និងជំនាញរបស់លោក ហង្ស និស្ស័យ ប្រធាន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងប្រទេសរវ៉ាន់ដា (Rwanda) និង ទីម័រខាងកើត (Timor-Leste) បានទទួលស្គាល់ការយល់ដឹងរបស់គាត់ ដោយអញ្ជើញគាត់ឱ្យចូលរួមជាមួយគណៈកម្មាធិការរៀងៗខ្លួន។ ប្រទេសទាំងនេះ ដែលធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រសោកនាដកម្មរៀងៗខ្លួន ឱ្យតម្លៃលើមេរៀនដែលបានរៀនពីគំនិតផ្តួចផ្តើមនៃការការអភិរក្ស និងថតចម្លងបណ្ណសារ របស់កម្ពុជា។ ដោយសហការជាមួយប្រទេសរវ៉ាន់ដា (Rwanda) និង ទីម័រខាងកើត (Timor-Leste) លោក លោក ហង្ស និស្ស័យ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដ៏ទូលំទូលាយមួយ ដើម្បីរក្សា និងរៀនពីអតីតកាល ជំរុញឱ្យមានកិច្ចសន្ទនាជាសកលស្តីពីការចងចាំ យុត្តិធម៌ និងការផ្សះផ្សា។
វិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា បានបង្ហាញសក្តានុពលរបស់ខ្លួនរួចហើយ តាមរយៈការបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារ និងបង្កើតការងារជាច្រើន។ នៅក្នុងឆ្នាំ២០១៩ វិស័យនេះបានផ្តល់ការងារដោយផ្ទាល់ដល់មនុស្ស ៦៣០ ០០០ នាក់ ជាមួយនឹងចំណូលពីវិស័យទេសចរណ៍ឈានដល់ ៤,៩ ពាន់លានដុល្លារ ដែលបង្កើតបាន នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាចំនួន១៨,២% ដែលជាសេដ្ឋកិច្ចខ្ពស់បំផុតក្នុងចំណោមប្រទេសអាស៊ាន បូក៣ (ASEAN+3 economies)។ ឆ្ពោះទៅមុខ គម្រោងនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន បង្កើនចំណូលពីទេសចរណ៍ បង្កើតការងារក្នុងផ្នែកអភិរក្ស ឌីជីថល និងការអប់រំ និងពង្រឹងការអភិវឌ្ឍជំនាញ ជាពិសេសក្នុងការគ្រប់គ្រងបណ្ណសារ និងការអប់រំសន្តិភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងមិនត្រឹមតែបង្កើនលទ្ធភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាផងដែរ។
តាមរយៈការធានានូវការអភិរក្ស និងភាពងាយស្រួលនៃបណ្ណសារប្រវត្តិសាស្ត្រ គម្រោងជួយសម្រួលដល់ការស្រាវជ្រាវផ្នែកសិក្សា និងជំរុញការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអតីតកាល ដោយលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវរួមក្នុងការទប់ស្កាត់អំពើឃោរឃៅនាពេលអនាគត។ លើសពីនេះ ការការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌របស់យើង និងការលើកកម្ពស់កិច្ចសន្ទនាអន្តរជំនាន់ មិនត្រឹមតែជួយការពារកេរ្តិ៍ដំណែលវប្បធម៌ដ៏សម្បូរបែបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាបាននូវប្រវត្តិ និងការអនុវត្តផ្ទាល់មាត់ ដែលកំណត់អត្តសញ្ញាណរបស់យើងផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់អារម្មណ៍នៃការបន្ត និងការតភ្ជាប់ក្នុងចំណោមប្រជាជនកម្ពុជាគ្រប់ជំនាន់៕