ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយម សហការឱ្យបានម៉ឺងម៉ាត់ជាមួយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ សំដៅទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់មធ្យោបាយយកបាវខ្នាតយក្សច្រកខ្សាច់ និងចាក់ថ្មទប់បន្ថែម ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ការជំរុញខាងលើ របស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម បន្ទាប់ពីឯកឧត្តមបានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំង ទន្លេមេគង្គស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ កាលពីរសៀលថ្ងៃទី ៧ សីហា។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា៖ ជាវិធានបន្ទាន់ដើម្បីរំសាយក្តីកង្វល់របស់អ្នកភូមិនេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការបាក់ស្រុតច្រាំងជាបន្ត ដោយតម្រូវឲ្យប្រើបាវខ្សាច់ខ្នាតយក្ស ឬចាក់ថ្មទប់បន្ថែមដើម្បីគ្រឹះរឹងមាំនៃច្រាំងទន្លេ ខណៈគ្រោះមហន្តរាយធម្មជាតិបាននិងកំពុងកើតឡើងឥតឈប់ឈរ។
ឯកឧត្តមបានរំលឹកថា៖ នៅក្នុងអំឡុងឆ្នាំ២០១៩ ចំណុចខាងលើនេះក៏ធ្លាប់បានរងការបាក់ស្រុត ហើយអាជ្ញាធរខេត្ត បានធ្វើការសហការជាមួយក្រសួងធនធានទឹក និងអង្កភាពពាក់ព័ន្ធ បានដាក់បាវខ្សាច់ខ្នាតយក្ស និងចាក់ថ្មទប់តាមច្រាំងទន្លេនៅចំណុចនេះជាច្រើនធ្វើឱ្យគ្រឹះច្រាំងទន្លេមានភាពរឹងមាំជាច្រើនឆ្នាំ។ ប៉ុន្តែឆ្នាំនេះដោយស្ថានភាពអាកាសធាតុទឹកភ្លៀងមានការប្រែប្រួលផង ទឹកទន្លេបន្តហក់ឡើង ហើយកន្លែងខ្លះបន្តស្រុតបាក់ដីភូមិរបស់អ្នកស្រុកបន្ថែមទៀត ដូច្នេះអាជ្ញាធរខេត្ត និងមន្ត្រីជំនាញបន្តរកវិធានការបង្ការ ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេនេះ ដើម្បីភាពសុខសាន្តរបស់ប្រជាជន៕