កីឡា

បិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០២៣-២៤

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តបន្ទាយមានជ័យ ធ្វើឡើង៤ថ្ងៃពីថ្ងៃទី២-៥ខែសីហា ឆ្នាំ២០២៤ នៅ៤ទីលានគឺនៅមន្ទីរអប់រំខេត្ត, នៅវិទ្យាល័យហ៊ុន សែនខ្លាកូន, នៅវិទ្យាល័យសម្តេចឪនិងអនុវិទ្យាល័យកំពង់ស្វាយ ហើយសមាសភាពចម្រុះជាកីឡាករ  កីឡាការិនី ចំពោះបច្ចេកទេសប្រកួតមានលក្ខណ:ជម្រុះ ។

កម្មវិធីបិទនៃការប្រកួតនិងប្រគល់ពានរង្វាន់ធ្វើនៅទីលានបាល់ទាត់ស្មៅសិប្បនិម្មិត វិទ្យាល័យហ៊ុនសែនខ្លាកូន នាល្ងាចថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកយឹម សំណាង អភិបាលរងខេត្ត លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡា លោកអនុប្រធាននិងមន្ត្រី អាជ្ញាកណ្តាល គ្រូដឹកនាំ កីឡាករ-ការិនី។

នេះបើតាមលោកតាន់ ក្រូច ប្រធានការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងជាអនុប្រធានគណ:កម្មការប្រកួតអោយដឹងកាលពីល្ងាចថ្ងៃទី០៦ ខែសីហាឆ្នាំ២០២៤។

ការប្រកួតមានដូចតទៅ៖

I- ប្រភេទវិញ្ញាសាអត្តពលកម្មមាន៨ក្រុម (បុរស-នារី) ៖

១- រត់ល្បឿន៦០ម៉ែត្រ នារី ,បុរស

២-រត់ល្បឿន៨០ម៉ែត្រ បុរស-នារី

៣- លោតកម្ពស់នារី-បុរស ។

៤-លោតកម្ពស់បុរស-នារី ។

៥-លោតចម្ងាយបុរស-នារី ។

៦-រត់ចម្ងាយ បុរស-នារី ។

៧-រត់បណ្តាក់៥០×៤ បុរស។

៨- រត់បណ្តាក់ ៥០×៤ នារី ។

II -ប្រភេទកីឡាបាល់បោះ ១០ក្រុម ។

ក-ផ្នែកនារី-បុរស ។

III- ប្រភេទកីឡាបាល់ទះ ១៤ក្រុម : ក-ផ្នែកបុរស៨ក្រុម ខ-ផ្នែកនារី៦ក្រុម ។

IV-ប្រភេទកីឡាបាល់ទាត់១៨ក្រុម   :

ក-ផ្នែកបុរស ៩ក្រុម ខ- ផ្នែកនារី ៩ក្រុម ។

ការលើកពេលប្រកួតពីដូចរាល់ឆ្នាំនៅខែកុម្ភ:ឬមីនាមកខែសីហាដូច្នេះ មកពីការលើកនៃខេត្ត រាជធានីទូទាំងប្រទេស  ដ្បិតកាលណោះមានការប្រកួតកីឡាថ្នាក់ជាតិជំនួនវិញ ។

ដោយឡែកការប្រកួតកីឡាទូកនាគ ទូកកានូ ទូកកាយ៉ាក់និងទូករ៉ូលីងជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទី១ ចាប់ពីថ្ងៃទី២-៤ខែសីហាឆ្នាំ២០២៤ ត្រូវប្រព្រឹត្តទៅនៅទន្លេវ៉ៃកូខេត្តស្វាយរៀង ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សី។

ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នា។

លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានសម្តែងនូវអំណរគុណ និងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការរៀបចំការប្រកួតកីឡាបានយ៉ាងល្អប្រសើរ ព្រមទាំងគណៈកម្មការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៩ ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាក្នុងពេលនេះឱ្យទទួលបានជោគជ័យនិងលទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួន៕