សន្ដិសុខសង្គម

រដ្ឋបាលជលផលបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកកងមាស

ដោយ៖ គង់ហេង
កំពង់ចាម៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាល ជលផលមេគង្គ បើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកកងមាស ដោយសម្រេចបានចំនួន ពីរ ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាង នៃបទល្មើសនៅនឹងកន្លែង។

មន្រ្តីអធិការរដ្ឋបាលជលផលមេគង្គ ដែលបានចូលរួមយុទ្ធនាការបង្រ្កាបខាងលើបានឱ្យដឹងថា៖ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម យើងបានសម្រេចបំផ្លាញចោលរួម៖ ករណីទី១. ឧបករណ៍លូស្បៃមុងចំនួន ១៧មាត់, របាំងស្បៃមុងប្រវែង ៨៥០ម៉ែត្រ,បង្គោលចម្រឹងចំនួន ២៥៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ១៧៥គីឡូក្រាម នៅអតីតបឹងបេ៦ ឃុំព្រែកកុយ ស្រុកកងមាស ។

មន្រ្តីដដែលបានបន្តថា៖ ករណីទី២. ឧបករណ៍លូស្បៃមុងចំនួន ២២មាត់, របាំងស្បៃមុងប្រវែង ៨២៥ម៉ែត្រ, បង្គោលចម្រឹងចំនួន ២១៥ដើម, ចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម និងដុតកម្ទេចឧបករណ៍លូស្បៃមុង របាំងស្បៃមុងនិងបង្គោល នៅចំណុចបឹងម្រះ បឹងផ្ទូ បឹងខាំដៃ បឹងកំភើ ឃុំរាយប៉ាយ ស្រុកកងមាស៕