ពន្ធដារ

មន្រ្តីអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាអ្នកជាប់ពន្ធមានពេល ៣០ថ្ងៃ ដើម្បីតវ៉ាលើការកំណត់ពន្ធឡើងវិញ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖តាមមាត្រា២៣៦ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹង ទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។

(រូបភាពឯកសារ)

ប៉ុន្តែក្នុងករណីការដាក់ពាក្យបណ្តឹងតវ៉ា ហួសរយៈពេលកំណត់នេះ អាចជាកម្មវត្ថុនៃការបដិសេធមិនទទួលយកមកដោះស្រាយ។

នេះជាការលើកឡើងដោយវាគ្មិនមកពីនាយកដ្ឋាន នីតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ រួមមាន លោកស្រីអនុប្រធាននាយកដ្ឋាន យុង សោភា និងលោកប្រធានការិយាល័យ គឹម គន្ធឋានន្តរិ៍ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមប្រធានបទ “នីតិវិធីនៃការដាក់ពាក្យបណ្តឹងតវ៉ាលើការកំណត់ពន្ធឡើងវិញ”។

(រូបភាពឯកសារ)

ជាមួយគ្នានេះ អ្នកតវ៉ាត្រូវភ្ជាប់មកជាមួយពាក្យបណ្តឹងតវ៉ា នូវឯកសារសំខាន់ៗមួយចំនួនរួមមាន៖

១.លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។

២. ឯកសារដែលបញ្ជាក់ពីការទូទាត់ប្រាក់ពន្ធ។

៣.ភស្តុតាងផ្សេងទៀតពាក់ព័ន្ធអង្គហេតុឬសំអាងហេតុនៃបណ្តឹងតវ៉ារបស់អ្នកតវ៉ា ជាអាទិ៍មាន ទិន្នានុប្បវត្តិ វិក្កយបត្រ កិច្ចសន្យា លិខិតយុត្តការ ឬឯកសារផ្សេងៗ។

ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនយល់ព្រមលើសេចក្តីសម្រេចជាថ្មី របស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធអាចដាក់ពាក្យតវ៉ាទៅគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។ អ្នកជាប់ពន្ធមានសិទ្ធិប្តឹងទៅតុលាការជំទាស់នឹងសេចក្តីសម្រេច របស់គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តីសម្រេចនោះ៕