ដោយ៖វិចិត្រ
ភ្នំពេញ៖ប្រភពព័ត៌មានពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីយុវជនទំនើងចំនួន៦នាក់ និងម៉ូតូ៤គ្រឿង នៅវេលាម៉ោង ២៣និង៤៥នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ក៏បបួលគ្នាជិះម៉ូតូទៅម្ដុំបឹងកក់ដើម្បីថតរូបលេង។ ប៉ុន្តែពេលទៅដល់បឹងកក់ ឃើញថាស្ងាត់ល្អក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ចៃដន្យអីបានមួយសន្ទុះក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះឃាត់ខ្លួនយកបន្តនីតិវិធីសួរនាំពីបញ្ហាបង្ហោះម៉ូតូ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។
យុវជនទាំង០៦នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ០៣នាក់មកពីខេត្តកំពង់ចាម និង០៣នាក់ទៀតជាអ្នកមកពីខេត្តព្រៃវែង។
យោងតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕