សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនសិស្សសាលា២នាក់និងដកហូតម៉ូតូយកទៅរក្សាទុករយៈពេល៩០ថ្ងៃករណីជិះបង្ហោះនៅស្រុកថ្មគោល

ដោយ៖វិចិត្រ

បាត់ដំបង៖មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា កម្លាំងនគរបាលស្រុកថ្មគោល បានឃាត់ខ្លួនសិស្សសាលា២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងបានដកហូតម៉ូតូយកទៅរក្សាទុករយៈពេល០៣ខែ ស្មើនឹង៩០ថ្ងៃ នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល។

មន្ត្រីដដែលបានបន្តថាៈ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានស្រាវជ្រាវនិងឃាត់យុវជន២នាក់និងម៉ូតូ០១គ្រឿងនាំទៅអធិការដ្ឋាននគរបាលដើម្បីបន្តនីតិវិធីបន្ទាប់ពីទទួលព័ត៌មានតាមរយៈបណ្តាញសង្គមថាពួកគេទាំងពីរនាក់នេះធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កនូវភាពអនាធិបតេយ្យ។

ជាមួយនេះសមត្ថកិច្ចដកហូតម៉ូតូដែលជិះបង្ហោះនោះយកទៅរក្សាទុករយៈពេល០៣ខែស្មើនឹង៩០ថ្ងៃ និងតម្រូវឱ្យធ្វើពលកម្មនៅអធិការដ្ឋាននគរបាលស្រុក មុននឹងឱ្យឪពុក ម្តាយ ធានាយកទៅផ្ទះវិញ។ សូមឪពុក ម្តាយ អាណាព្យាបាល យកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យប្រព្រឹត្តសកម្មភាពបែបនេះ និងសកម្មភាពល្មើសផ្សេងទៀត៕